ក្លឹប Man Utd បានប្រកាសជាផ្លូវការនៅកិច្ចកុងត្រារបស់ Cristiano Ronaldo កាលពីម្សិលមិញ ដោយបញ្ជាក់ថា តារាឆ្នើមព័រទុយហ្គាល់នឹងឈរជើងលើសុពលភាពរយៈពេល ២ ឆ្នាំ បូកនឹងជម្រើសបន្តថ្មី ១ ឆ្នាំ ដែលមានន័យថា CR7 អាចឈរជើងនៅ Old Trafford ដល់ចុងខែមិថុនា ឆ្នាំ ២០២៤។
យ៉ាងណាការផ្ទេរមក Old Trafford សារនេះ Ronaldo នឹងមិនអាចទទួលបានថ្លៃពលកម្មក្រាស់ក្រែលដូចលំដាប់កីឡាករនៅ PSG និងក្លឹបមួយចំនួននៅអេស្ប៉ាញនោះទេ ពោលដ្បិតមានឈ្មោះជាកីឡាករស៊ីថ្លៃបំផុតនៅ Premier League ស្មើកម្រិត Kevin de Bruyne។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា United នឹងផ្តល់ថ្លៃពលកម្ម ៣០ លានផោន/ឆ្នាំឲ្យទៅ Ronaldo ដែលទំហំនេះវាស្មើនឹង ៣៨៥ ០០០ ផោន/សប្តាហ៍ ច្រើនជាង David de Gea ដែលទទួលបាន ៣៥០ ០០០ ផោន/សប្តាហ៍ ហើយស្មើនឹង De Bruyneរបស់ក្លឹប Man City។ យ៉ាងណានេះវាខុសពីការរំពឹងទុកដំបូង ដែលលឺថាអាចទទួលបានប្រហាក់ប្រហែលកាលនៅ Juventus គឺ ៥០០ ០០០ ផោន/សប្តាហ៍។
បញ្ជាក់ថា នេះបើធៀបនឹង Leo Messi នៅឯក្លឹប PSG គឺខុសគ្នា ១ ទ្វេជា ២ ដែល Messi ទទួលបានខ្ទង់ ៨០ មុឺនដុល្លារឯណោះ។
យ៉ាងណាទំហំថ្លៃពលកម្មប៉ុណ្ណេះសម្រាប់ United តាមថាមិនជាច្រើននោះទេ គ្រាន់ថាពួកគេត្រូវផ្តល់ឲ្យតម្រូវទៅតាមស្ថានភាពច្បាប់ហិរញ្ញវត្ថុ ព្រោះពួកគេក៏ដឹងច្បាស់ថា ឥទ្ធិពលរបស់ CR7 តាមពិតទៅបានផ្តល់ចំណូលជាច្រើនត្រលប់មកក្លឹបវិញ។ ជាក់ស្តែងគ្រាន់តែការមកដល់ប៉ុន្មានថ្ងៃនេះ តម្លៃទីផ្សារហ៊ុនរបស់ Man Utd បានកើនឡើង ១០ ភាគរយ ដែលបន្ថែមតម្លៃរួមចូលជាង ២១២ លានផោនរួចទៅហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក