ក្លឹបបិសាចក្រហម Man Utd បានចាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងការចរចានាំយក Cristiano Ronaldo ហើយផ្តាច់ចង្វាក់ចរចារវាងគេនិងក្លឹប Man City ដែលលេចលឺថាមានការទាក់ទងគ្នាច្រើនថ្ងៃមកហើយ។
នៅពីក្រោយការផ្ទេរនោះ គេជឿថាមានបុគ្គលសំខាន់ ២ រូបដែលដើរតួយ៉ាងសំខាន់ក្នុងការអូសទាញចិត្តឲ្យ Ronaldo ផ្ទេរមក Old Trafford នោះគឺនាយកជាន់ខ្ពស់លោក Ed Woodward និងអតីតគ្រូចាស់លោក Sir Alex Ferguson។ នេះបើតាមការលើកឡើងរបស់អ្នកសារព័ត៌មាន Dharmesh Sheth។
និយាយប្រាប់ Sky Sports លោក Sheth ថា៖ "ខ្ញុំត្រូវបានគេប្រាប់ថា Ed Woodward ជាអ្នកដើរតួសំខាន់បំផុតក្នុងការផ្ទេរសារនេះ ហើយគាត់ជាអ្នករៀបចំកិច្ចព្រមព្រៀងនិងច្បាស់លាស់ជាមួយម្ចាស់ក្លឹបឲ្យដំណើរការចរចាអាចសម្រេចទៅបាន"។
លោកបន្ថែម៖ "មនុស្សម្នាក់ផ្សេងទៀតដែលដើរតួក្នុងការផ្ទេរសារនេះ នោះគឺ លោក Sir Alex Ferguson ដែលគាត់បានតេទៅ Ronaldo កាលពីសប្តាហ៍មុនហើយនិយាយពាក្យថា ត្រលប់មក Man Utd វិញមក"។
គួររំឭកថា បុរសវ័យ ៣៦ ឆ្នាំ ធ្លាប់បានចាយពេលនៅ Old Trafford ម្តងហើយកាលពីចន្លោះឆ្នាំ ២០០៣ ដល់ ២០០៩ ហើយកាលនោះរកបាន ១១៨ គ្រាប់ នៅការបង្ហាញខ្លួនសរុប ២៩២ ប្រកួត។ ធៀបនឹងស្ថិតិនៅ Juventus គឺ ១៣៤ ប្រកួត រកបាន ១០១ គ្រាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក