ខ្សែបម្រើ Man Utd គឺ Paul Pogba ថ្មីៗនេះបានលើកឡើងនៅឈ្មោះកីឡាករមួយរូប ដែលខ្លួនគិតថា ជាខ្សែប្រយុទ្ធដែលពូកែខាងបញ្ចប់ទីដ៏ល្អបំផុត ហើយម្នាក់នោះក៏ជាមិត្តរួមក្រុមនៅក្លឹបរបស់ខ្លួនផងដែរ។
កីឡាករបារាំង បានចុចឈ្មោះយុវជនវ័យ ១៩ ឆ្នាំគឺ Mason Greenwood ដែលជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យ United ទល់ Wolves កាលពីចុងសប្តាហ៍កន្លងទៅ។ Pogba និយាយ៖ "Mason ខ្ញុំគិតថាគេជំនាញជើងឆ្វេងជាង ដោយទាំងការញាក់បាល់ក៏គេប្រើជើងឆ្វេងដែរ តែពេលស៊ុតគេអាចប្រើបានទាំងជើងសងខាង"។
លោកបន្ថែម៖ "ខ្ញុំគិតថា Mason [Greenwood] ជាកីឡាករដែលពូកែខាងបញ្ចប់ទីបានល្អបំផុត ខ្ញុំមិនធ្លាប់បានឃើញពីមុនមក គេពិតជាអស្ចារ្យខ្លាំងណាស់ ដូច្នេះខ្ញុំមានតែជូនពរឲ្យគេបន្តការរកគ្រាប់បាល់ច្រើនទៀត និងជួយពួកយើងឈ្នះពានរង្វាន់ គេពិតជានៅក្មេង តែពោរពេញដោយទេពកោសល្យ ដូច្នេះយើងចង់ជំរុញគេឲ្យបានកាន់តែល្អប្រសើរឡើង"។
គួរបញ្ជាក់ថា Greenwood គេជាយុវជនថ្នាលរបស់ United ដែលឡើងមកលេងនៅឈុតធំកាលពីឆ្នាំ ២០១៩។ ក្រោមការដឹកនាំរបស់ Ole គេកាន់តែទទួលបានឱកាសច្រើន ហើយសរុប ១០៨ ប្រកួត គេរកបាន ៣២ គ្រាប់និង Assist ១០ លើក។ គ្រប់គ្នាកំពុងចង់ឃើញយុវជនឆ្នើមរូបនេះ បង្កើតជោគជ័យជាដុំកំភួន ជាមួយរៀមច្បង Cristiano Ronaldo នៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក