Cristiano Ronaldo នឹងត្រលប់មកបង្ហាញខ្លួនជាផ្លូវការ ទៅក្នុងការប្រកួតឲ្យក្លឹបថ្មី Man Utd នៅថ្ងៃទី ១១ កញ្ញា សម្រាប់ការប៉ះ Newcastle នៅឯកីឡដ្ឋាន Old Trafford ដែលជាប្រកួតជុំទី ៤ ក្របខ័ណ្ឌ Premier League។
និយាយទុកជាមុនពីលោក Ole Gunnar Solskjaer ជាអ្នកចាត់ការ ក៏បានបង្ហើបកាលពីជ័យជម្នះលើ Wolves យប់មិញថា វត្តមានរបស់ Ronaldo លោកនឹងប្រើប្រាស់គេទៅក្នុងតំណែងប្រយុទ្ធកណ្តាល ពោលមិនមែនអាទិភាពទៅលើតំណែងប្រយុទ្ធស្លាប ដូចកាលនៅក្លឹបចាស់ Juventus និង Real Madrid ឡើយ។
ប្រាប់ Sky Spots អ្នកចាត់ការ Ole ថា៖ "គេជាកីឡាករមួយរូប ដែលធ្លាប់លេងទាំងតំណែងស្លាបស្តាំ ស្លាបឆ្វេង ក៏ដូចជាប្រយុទ្ធជួរមុខ តែសម្រាប់ខ្ញុំពេលនេះ គិតថាគេលេងប្រយុទ្ធកណ្តាលគឺល្អជាង"។
លោកបន្ត៖ "តែក៏នឹងមានប្រកួតមួយខ្លះ ដែលយើងត្រូវលេងប្រកួតជួរមុខ ២ រូប ខ្លះទៅ ៣ រូប តែយ៉ាងណាខ្ញុំនៅតែចង់ឲ្យគេស្ថិតក្នុងប្រអប់ជានិច្ច [ប្រយុទ្ធកណ្តាល] ដើម្បីធានាថាគេនឹងជាអ្នករកគ្រាប់បាល់"។
គួរបញ្ជាក់ថា CR7 ធ្លាប់ចាយពេល ៦ ឆ្នាំនៅ Old Trafford ដោយបង្ហាញខ្លួនសរុប ២៩២ ប្រកួត គេរកបាន ១១៨ គ្រាប់និង Assist ៦៩ លើក។ គេបានឈ្នះពានធំៗដូចជា Premier League ៣ លើកនិង UCL ១ លើកនៅទីនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក