មានរឿងចម្រូងចម្រាសកើតឡើងនៅជំនួបរវាងក្លឹប Man Utd និង Wolves កាលពីយប់មិញ នោះគឺបាល់ចុងតង់នាទី ៨០ ធ្វើបានដោយ Mason Greenwood ដែលនៅពេលកីឡាកររបស់បិសាច Build Up សាច់បាល់ឡើងមក គឺមានការប៉ះទង្គិចរវាង Paul Pogba និង Ruben Neves។
ពេលនោះគេឃើញកីឡាករបារាំងហាក់ដូចជាបើកបាត បង្កកំហុសទៅលើ Neves តែបាល់នៅតែបន្តលេង រហូតដល់ Greenwood អាចបញ្ចប់ទីរកបានមួយគ្រាប់។ ដ្បិតបើមានការទាមទារតវ៉ាពីសំណាក់កីឡាកររបស់ Wolves តែមិនទទួលបានសម្រេចនោះទេ ដោយគ្រាប់បាល់នៅផ្តល់ឲ្យ ៣ ពិន្ទុពេញសម្រាប់ United ដដែល។
អ្នកគាំទ្រ Wolves មិនអស់ចិត្តនោះទេ ដោយក្រោយចប់ការប្រកួត ក៏នៅតែស្រែកថា United លេងល្បិច ជាពិសេសចង់សំដៅទៅលើ Pogba ផ្ទាល់តែម្តង តែមានអីកីឡាករបារាំងស្រាប់តែបង្ហាញកាយវិការគួរឲ្យគោរពនិងភ្ញាក់ផ្អើលមួយ នោះគឺគេដោះអាវរបស់ខ្លួនឯង ហើយដើរសំដៅយកទៅឲ្យកីឡាកររបស់ Wolves។ ភ្លាមនោះគេក៏ឃើញអ្នកគាំទ្រ Wolves មួយចំនួន បែរជាបញ្ចេញស្នាមញញឹមទៅវិញ ហើយស្ងាត់មាត់ជ្រាបលែងស្រែកបន្តទៅទៀត។
គួរបញ្ជាក់ថា Pogba នៅតែរក្សាជំហរ ថាគេគ្មានចេតនានោះទេ ដោយបានលើកឡើងអំពីរឿងនោះថា៖ "ខ្ញុំមិនបានបង្កកំហុសទៅលើគេទេ ដោយនេះជា Premier League វាគឺ ៥០-៥០ រមែងកើតឡើងរៀងរាល់សប្តាហ៍ទៅហើយ ដោយពេលយើងយកបាល់បាន យើងស៊ុតបញ្ចូលទីគឺជារឿងធម្មតា"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក