លទ្ធផលចាប់ឆ្នោតវគ្គចែកពូល ព្រឹត្តិការណ៍ UEFA Champions League រដូវកាល ២០២១/២២ បានប្រកាសកាលពីប៉ុន្មានថ្ងៃមុន ជាលទ្ធផលយើងឃើញថាមានគូត្រូវសងសឹកគ្នាជាច្រើន បានកើតឡើង តួយ៉ាងដូចក្នុងពូល E មាន Barcelona, Bayern Munich, Benfica និង Dynamo Kyiv។
ជាការពិត ធ្លាប់កើតមានរឿងរ៉ាវគួរឲ្យចងចាំបំផុតមួយដែល Bayern Munich លុត ៨-២ ទៅលើ Barcelona នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលជំនាន់អ្នកមានបុណ្យដឹកនាំដោយគ្រូចាស់លោក Quique Setien។ លុះមកដល់គ្រូថ្មី Ronald Koeman គ្រប់គ្នាកំពុងរង់ចាំមើល ថាក្លឹបអាចធ្វើអ្វី Bayern ចេញឬអត់ ស្របពេលដែលសារនេះត្រូវប៉ះគ្នាដល់ទៅ ២ ជើងក្នុងនិងក្រៅដី។
សម្រាប់ Koeman បាននិយាយកន្លងទៅថា៖ "នេះជាពូលដ៏រឹងមាំមួយ តែក៏មានពូលផ្សេងដូចយើងអ៊ីចឹងដែរ នេះយើងកំពុងនិយាយអំពីក្លឹបដែលមានប្រវត្តិសាស្រ្តដ៏អស្ចារ្យដូចជា Bayern Munich ឬ Benfica ដោយ Bayern ធ្លាប់បង្កើតអនុស្សាវរីយអាក្រក់ ហើយពួកគេជាក្លឹបដែលមានគុណភាពកីឡាករអាចមានលទ្ធភាពឈ្នះ Champions League រវាងយើង Benfica និង Bayern គឺនឹងត្រូវតតាំងគ្នាដើម្បីដណ្តើមយកលេខ ១"។
គួរបញ្ជាក់ថា ក្លឹបម្ចាស់ដី Camp Nou ក្រោយពីបាត់បង់ Leo Messi សម្រាប់ប្រកួត ២ ចុងក្រោយរបស់ពួកគេគឺឈ្នះ ១ ស្មើ ១ ហើយយប់នេះត្រៀមប៉ះ Getafe ដែលជាប្រកួតជុំទី៣ នៅ La Liga។ ចំពោះការប្រកួតនៅ UCL ត្រូវលេងបើកឆាកទល់ Bayern នាថ្ងៃទី ១៥ កញ្ញា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក