របាយការណ៍កាលពីថ្ងៃម្សិលមិញយើងទទួលបានដំណឹងមកថា Cristiano Ronaldo នឹងទទួលបានថ្លៃពលកម្មដល់កន្លះលានផោនក្នុងមួយសប្តាហ៍ ដែលមានន័យថា រុញឲ្យគេក្លាយជាកីឡាករស៊ីថ្លៃបំផុតនៅ Premier League ដោយនាំមុខទាំង Kevin de Bruyne របស់ Man City ថែមទៀត។
យ៉ាងណានៅរបាយការណ៍ថ្មីចុះផ្សាយនាព្រឹកថ្ងៃអាទិត្យនេះ ប្រភពពី Daily Mail ឲ្យដឹងថា កីឡាករព័រទុយហ្គាល់នឹងមិនអាចរកបានដល់ ៥០០ ០០០ ផោន/សប្ដាហ៍នោះទេ ពោលបានត្រឹមតែជាកីឡាករស៊ីថ្លៃបំផុតនៅ Man Utd ប៉ុណ្ណោះ ដែល ១ ឆ្នាំបាន ២០ លានផោន ស្មើនឹង ៣៨៥ ០០០ ផោន/សប្តាហ៍។
ទំហំនេះខ្ពស់ជាង David de Gea ទទួលបាន ៣៧៥ ០០០ ផោន/សប្តាហ៍ ប៉ុន្តែធៀបនឹង De Bruyne របស់ក្លឹប Man City គឺឈរនៅកម្រិតស្មើគ្នាប៉ុណ្ណោះ។ ម្ចាស់អាវលេខ ៧ ទំនងជាទទួលបានកុងត្រារយៈពេល ២ ឆ្នាំ ដល់ចុងខែមិថុនា ឆ្នាំ ២០២៣។
គួរបញ្ជាក់ដែរថា ម្ចាស់ពាន Ballon d'Or ៥ សម័យកាល ទំនងជាបង្ហាញខ្លួនលើទីលានឲ្យ United ជាផ្លូវការទៅក្នុងការប្រកួតទល់ Newcastle នាថ្ងៃទី ១១ កញ្ញា។ តារាឆ្នើមវ័យ ៣៦ ឆ្នាំ ក៏ធ្លាប់ចាយពេលឲ្យបិសាចកាលពីចន្លោះឆ្នាំ ២០០៣ ដល់ ២០០៩ មួយសារហើយដែរ កាលនោះគេបង្ហាញខ្លួន ២៩២ ប្រកួត រកបាន ១១៨ គ្រាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក