Thiago Silva អតីតប្រធានក្រុមរបស់ក្លឹបបារាំង Paris Saint-Germain ក្រោយពីផុតកុងត្រា គេក៏ផ្ទេរនៅលក្ខខណ្ឌឥតតម្លៃខ្លួនមកក្លឹប Chelsea ហើយក៏ជាចំណែកជួយក្រុមលោក Thomas Tuchel លើកពាន UCL រដូវកាលមុនផងដែរ។
យ៉ាងណាលើកឡើងកាលពីពេលថ្មីៗនេះ ខ្សែការពារសញ្ជាតិប្រេស៊ីល បានបង្ហាញការមិនអស់ចិត្តថាហេតុអ្វីក្លឹបហ៊ានយក Sergio Ramos បើទោះបីអាយុគេច្រើនដែរ ហើយជាមួយខ្លួនវិញជាកីឡាករកាន់ឆ្នាំមួយរូប បែរជាបោះបង់ទាំងមិនញញើត។
ប្រាប់ ESPN Brazil ខ្សែការពារវ័យ ៣៦ ឆ្នាំរបស់ក្លឹប Chelsea និយាយ៖ "ខ្ញុំគ្មានអ្វីចង់ប្រឆាំងនឹ Sergio Ramos ទេ តែគ្រាន់ថាគេបែរជាអាចទទួលបានកុងត្រា ២ ឆ្នាំនៅអាយុស្រករខ្ញុំកាលពីឆ្នាំទៅដែរ ដូច្នេះហើយរឿងនេះពិតជាធ្វើឲ្យខ្ញុំមានការសោកសៅខ្លាំងណាស់"។
លោកបន្ត៖ "ខ្ញុំមិនទាន់បាននិយាយជាមួយនរណាទេ តែខ្ញុំពិតជាសោកសៅខ្លាំងមែន ដោយមានអារម្មណ៍ថា ខ្ញុំដូចជាមិនបានជួយអ្វីដល់ក្លឹបទាល់តែសោះ ព្រោះអីមើលទៅការចាកចេញរបស់ខ្ញុំ ប្រៀបដូចខ្ញុំជាមនុស្សដែលគ្មានចំណែកអ្វីនៅក្លឹប ហើយនេះមិនមែនខ្ញុំឈរជើង ៨ ថ្ងៃ ៨ ខែទេ តែខ្ញុំចាយពេលនៅ PSG ដល់ទៅ ៨ ឆ្នាំ ជាមួយជ័យជម្នះជាច្រើន និងជួយឲ្យក្លឹបឈានដល់កម្រិតដូចសព្វថ្ងៃនេះ និយាយទៅខ្ញុំសោកស្តាយហើយខ្ញុំយល់ថាក្លឹបគួរតែធ្វើសម្រាប់ខ្ញុំល្អជាងនេះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក