ជាការពិតផ្លែឈើមួយចំនួន វាល្អសម្រាប់អ្នកដែលត្រូវការជាតិផ្អែម អ្នកត្រូវការសារធាតុជំនួយមួយចំនួន តែសម្រាប់អ្នកចង់សម្រកទម្ងន់ ត្រូវបែងចែកឲ្យបានច្បាស់ ព្រោះបើទទួលទានខុសវាអាចនាំឲ្យឡើងទម្ងន់លើសដើមទៅវិញ។
ជឿថាបងប្អូនយើងខ្លះនៅមានការភ័ន្តច្រឡំ ដោយគិតថាផ្លែឈើទាំង ៥ ខាងក្រោម អាចជួយសម្រាប់អ្នកចង់ស្រកទម្ងន់ តែការពិតគឺវាផ្ទុយស្រលះពីនោះ៖
៥) ទំពាំងបាយជូរ
យោងតាមការស្រាវជ្រាវផ្លែទំពាំងបាយជូរ គឺជាផ្លែឈើមួយដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដោយវាជួយការពារជំងឺបេះដូង និងសរសៃឈាម ប៉ុន្តែវាមានជាតិស្ករខ្ពស់ណាស់ ដែលអាចបណ្តាលឲ្យអ្នកគេងមិនលក់ ប្រសិនទទួលទាននៅពេលល្ងាច។ ជាងនេះសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម លើសទម្ងន់ស្រាប់ផង មិនគួរទទួលទានវាច្រើនពេកឡើយ។
៤) ផ្លែបឺរ
វាសម្បូរទៅដោយខ្លាញ់មិនឆ្អែត និងសារធាតុរ៉ែ ក៏ដូចជាវីតាមីន ដែលល្អសម្រាប់បេះដូង និងកាត់បន្ថយការរលាក។ យ៉ាងណាផ្លែបឺរ វាមានកាឡូរីខ្ពស់ជាងប្រភេទអាហារដទៃ ហើយបើទទួលទានច្រើន អាចនាំឲ្យអ្នកឡើងគីឡូស្រឺតៗបាន ដូច្នេះសម្រាប់អ្នកចង់ស្រក យើងមិនណែនាំឲ្យទទួលទានវាទេ។
៣) ចេក
ចេក ១០០ ក្រាម មានប្រហែល ៨៩ កាឡូរី និងមានជាតិស្ករខ្ពស់ហើយបើអ្នកទម្លាប់ទទួលទានវារាល់ថ្ងៃ នោះអាចធ្វើឲ្យពិបាកក្នុងការសម្រកទម្ងន់ខ្លាំងណាស់។ ល្អបំផុតបើអ្នកចង់ទទួលទាន គឺជ្រើសរើសពេលឲ្យត្រូវ ដូចជាទទួលទានមុនពេលហាត់ប្រាណ ដោយវាអាចបង្កើនថាមពលនិងការពារការរមួលសាច់ដុំបានយ៉ាងល្អ។
២) ខ្នុរ
ខ្នុរក៏ជាផ្លែឈើ ដែលមានជាតិស្ករខ្ពស់ផងដែរ ដ្បិតបើវាមានវីតាមីន C និងសារធាតុចិញ្ចឹមមួយចំនួន តែវាមិនល្អសម្រាប់អ្នកចង់សម្រកទម្ងន់ឡើយ។ ខ្នុរ ១០០ ក្រាមផ្តល់ ១០៥ កាឡូរីដល់រាងកាយមនុស្ស ដូច្នេះបើទទួលទានច្រើនអាចនាំឲ្យមានថាមពលលើស ទៅជាធាត់លើសដើម។
១) ដូង
ដូងគឺជាផ្លែឈើដែលផ្តល់នៅប្រូតេអ៊ីន វីតាមីន C និងជាតិស្ករ។ បើនិយាយពីសាច់ដូង ១០០ ក្រាមវាមានជាតិស្ករដល់ ១៤១ កាឡូរី ដែលប្រហែលនឹងបាយ ២ ចានចង្កឹះឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក