លោក Leonardo ជានាយកបច្ចេកទេសផ្នែកកីឡាបានបញ្ជាក់នៅយប់ថ្ងៃពុធហើយថា កីឡាករ Kylian Mbappe ពិតជាមានចិត្តចង់ចាកចេញ ហើយក្លឹបក៏កំពុងតែចរចារកដំណោះស្រាយសម្រាប់គេ ពោលជាការចរចាជាមួយភាគីក្លឹប Real Madrid តែមិនទាន់ត្រូវរ៉ូវនោះទេ ដ្បិតអីកាលបរិច្ឆេទទីផ្សារដោះដូរសេសសល់ត្រឹមរយៈពេល ៥ ថ្ងៃទៀត។
ដំណឹងចុងក្រោយលឺថា Real Madrid ព្រមឲ្យតម្លៃខ្លួន Mbappe ដល់ ១៧០ លានអឺរ៉ូ បើទោះបីកីឡាករបារាំងសល់សុពលភាពកុងត្រាត្រឹមតែ ១ ឆ្នាំទៀតក្តី។ យ៉ាងណាក្លឹប PSG បានបដិសេធមិនទទួលយកទេ ហើយទាមទារឲ្យក្លឹបអេស្ប៉ាញបន្ថែមកញ្ចប់ទឹកប្រាក់ដល់អ្វីដែលខ្លួនចង់បាន នោះគឺ ២២០ លានអឺរ៉ូ ហើយចម្លើយសុំសម្រេចយកត្រឹមថ្ងៃសុក្រនេះ។
ទំហំទឹកប្រាក់ ២២០ លានអឺរ៉ូ ដូចជំរិត Real ទាំងរស់ ព្រោះបើយើងគិតទៅទោះកីឡាករលំដាប់កំពូលប៉ុណ្ណាក៏ដោយ ត្រឹមសល់សុពលភាពកុងត្រា ១ ឆ្នាំ ប្រាក់តែជាង ១០០ លានអឺរ៉ូគឺច្រើនណាស់ទៅហើយ។ តាមដឹងអាចមកពីទំនាក់ទំនងរវាងភាគីក្លឹបទាំង ២ មានភាពល្អក់កករផងទេ ទើបការចរចាហាក់ដូចជាផ្លែផ្កាឲ្យគ្នា មិនស្រួលដូចការចរចានៃក្លឹបដទៃ។
បញ្ជាក់ថា បើក្លាយជាការពិតដែល Mbappe ត្រូវផ្ទេរទៅ Real Madrid ជាមួយតម្លៃ ២២០ លានអឺរ៉ូ នោះនឹងនាំឲ្យក្លឹប PSG អាចបង្កើនផលចំណេញប្រមាណ ៧៥ លានអឺរ៉ូ ពីលើថ្លៃដើមដែលបានចាយទៅឲ្យ Monaco នៅឆ្នាំ ២០១៨។ តម្លៃនេះសោតគឺទាបជាងតម្លៃបំបែកកំណត់ត្រាការផ្ទេររបស់ Neymar Jr ត្រឹមតែ ២ លានអឺរ៉ូប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក