ក្លឹប Manchester City ក្រោយពីបរាជ័យលើការនាំយក Harry Kane ពួកគេក៏បង្វែររ៉ាដាភ្លាមៗនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ ហើយសារនេះគឺសម្លឹងចង់បានតារាឆ្នើម Cristiano Ronaldo។
សុពលភាពកុងត្រារបស់ CR7 ជាមួយក្លឹបអាណាព្យាបាល Juventus ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ដូច្នេះបើមានការចែកផ្លូវនៅរដូវក្តៅនេះ ក៏ក្លឹបសេះបង្កង់រំពឹងអាចកើបចំណូលពីការផ្ទេរមួយផ្នែកផងដែរ។
យ៉ាងណាក្លឹប Man City បានកំពុងចរចាជាមួយលោក Jorge Mendes ជាភ្នាក់ងាររបស់កីឡាករហើយ ដោយក្នុងកិច្ចព្រមព្រៀងនោះគឺក្លឹបម្ចាស់ដី Etihad ព្រមផ្តល់ថ្លៃពលកម្ម ២៣០ ០០០ ផោន/សប្តាហ៍ឲ្យទៅបុរសវ័យ ៣៦ ឆ្នាំ លើសុពលភាពកុងត្រារយៈពេល ២ ឆ្នាំ ដែលមានន័យថានឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។ ប៉ុន្តែក្លឹបមិនចង់ចាយលុយលើតម្លៃផ្ទេរ ២៥ លានផោនផ្សេងទៀតនោះទេ ទៅឲ្យភាគីក្លឹប Juventus ពោលចង់បាន Ronaldo ដោយឥតគិតថ្លៃ។
ការចរចាលក្ខខណ្ឌបែបនេះ វាពិតជាពិបាកបន្តិច ព្រោះបើចង់យក Ronaldo ត្រឹមរដូវក្តៅ ហើយមិនអស់តម្លៃផ្ទេរ លុះត្រាណាតែកីឡាករសុំក្លឹប Juventus ផ្តាច់កុងត្រាមុនកាលកំណត់ ឬម្យ៉ាងទៀត City ត្រូវចាំដល់ចុងខែមិថុនា ឆ្នាំក្រោយ ដើម្បីឲ្យគេក្លាយជាកីឡាករឥតតម្លៃខ្លួនលើទីផ្សារដោះដូរសិន។
គួររំឭកថាថ្លៃពលកម្ម ២៣០ ០០០ ផោន/សប្តាហ៍ គឺរុញឲ្យ CR7 ឈរឈ្មោះជាកីឡាករស៊ីថ្លៃបំផុតលំដាប់ទី ៥ នៅក្លឹប Man City ដោយគេត្រូវទាបជាង John Stones, Raheem Sterling, Jack Grealish និង Kevin de Bruyne៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក