ជារៀងរាល់ឆ្នាំដំណឹងបែកធ្លាយពាក់ព័ន្ធនឹងកីឡាករដែលនឹងឈ្នះពានរង្វាន់ឯកត្តជនរបស់ UEFA គឺតែងតែកើតមានឡើង ហើយវាក៏រមែងក្លាយជាការពិតនៅថ្ងៃប្រកាស ដោយមិនខុសពីអ្វីដែលព័ត៌មានបានបែកធ្លាយនោះទេ។
នៅឆ្នាំ ២០២១ នេះ UEFA កំណត់យកទីក្រុង Istanbul ជាទីតាំងរៀបចំព្រឹត្តិការណ៍ប្រកាសម្ចាស់ពានរង្វាន់ UEFA Men's Player of the Year ក៏ដូចជាចាប់ឆ្នោតក្រុមដែលត្រូវជួបគ្នានៅវគ្គចែកពូល ដែលកម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ សីហា។
បើតាមសារព័ត៌មាន Tuttomercatoweb បានចុះផ្សាយថា ពួកគេទទួលបានព័ត៌មានពីប្រភពជិតស្និទ្ធរបស់ UEFA គឺដឹងជាមុនហើយថានរណានឹងឈ្នះពាន។ ក្នុងចំណោមបេក្ខភាពទាំង ៣ រូបមាន N'Golo Kante, Jorginho និង Kevin de Bruyne គឺលទ្ធផលសម្រេចផ្លូវការ នឹងធ្លាក់ទៅលើ Jorginho របស់ក្លឹប Chelsea និង ជម្រើសជាតិអ៊ីតាលី។
រំឭកដែរថា បើក្លាយជាការពិត វាក៏ដូចជាការព្យាករណ៍ទុកជាមុនរបស់សំឡេងគាំទ្រភាគច្រើន ព្រោះអី Jorginho ហាក់បង្កើតសមិទ្ធផលជោគជ័យខ្ពស់ជាងកីឡាករ ២ រូបឯទៀត។ នៅកម្រិតក្លឹបគេបានឈ្នះពាន Champions League ហើយនៅជម្រើសជាតិគេបានឈ្នះពាន Euro 2020 ក្នុងឆ្នាំតែមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក