ក្លឹបដែល Cristiano Ronaldo ចង់ផ្ទេរទៅចូលរួមនៅពេលខាងមុខ បើតាមរបាយការណ៍ចុងក្រោយគឺមិនមែន Paris Saint-Germain នោះទេ ដ្បិតអីនៅទីនោះមានដំណឹងថា Kylian Mbappe ចង់ចាកចេញក៏ដោយ។
ផ្ទុយទៅវិញ គឺជាក្លឹបនៅអង់គ្លេស តែមិនមែន Man Utd ហើយបែរជា Manchester City ដែលជាក្លឹបគូប្រជែងរួមទីក្រុងនៃអតីតក្លឹបចាស់របស់ខ្លួន។ បើតាមសារព័ត៌មាន L'Equipe ចុះផ្សាយថា អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម ហាក់មើលឃើញថាខ្លួននឹងជោគជ័យច្រើនជាងជាមួយក្លឹបចាត់ការដោយលោក Pep Guardiola ហើយកំពុងព្យាយាមរំអុកឲ្យភាគីទាំងសងខាង ដែលមានលោក Jorge Mendes នៅកណ្តាលជាអ្នករត់ការ ធ្វើបែបណាចរចាឲ្យបានសម្រេចមុនបិទទីផ្សារដោះដូរនៅវេលាម៉ោង ១១ យប់ ថ្ងៃទី ៣១ សីហា។
ដ្បិតអីកន្លងមកនាយកជាន់ខ្ពស់ក្លឹបសេះបង្កង់ លោក Pavel Nedved បង្ហើបថា ម្ចាស់ពាន Ballon d'Or ៥ សម័យកាល ចង់បន្តនៅក្លឹបតទៅទៀតក៏ដោយ តែវាស៊ីសងលើតម្លៃចរចាទេ ហើយ City ពេលនេះក៏បរាជ័យការនាំយក Harry Kane ដែលមានន័យថា ចន្លោះប្រហោងតំបន់ប្រយុទ្ធគឺពួកគេនៅតែត្រូវការ អ៊ីចឹងបើព្រមចាយ ២៥ លានផោនឲ្យទៅ Juventus នោះភាគរយនាំយក CR7 មក Etihad ប្រាកដជាអាចកើតឡើង។
គួររំឭកថា បើ Ronaldo ផ្ទេរមក City ដូចការចុះផ្សាយនេះពិតមែន ជឿថាអ្នកគាំទ្រ United ក៏នៅមិនសុខនោះដែរ បើទោះបីក្លឹបរបស់ពួកគេទើបយកបានតារាឆ្នើមកំពូលៗជាច្រើនក៏ដោយ។ ប៉ុន្តែត្រូវចាំ ស្ថានភាពកីឡាបាល់ទាត់បច្ចុប្បន្ន ប្រើបេះដូងតែមួយមុខគឺមិនអាចទៅរួចទៀតបានឡើយ ព្រោះដោយសារជំងឺ COVID-19 គ្រប់យ៉ាងគឺតម្រូវឲ្យផ្លាស់ប្តូរហើយ ទោះចង់ឬមិនចង់ ក៏ត្រូវតែធ្វើដែរសម្រាប់រឿងខ្លះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក