ក្លឹបបារាំង Paris Saint-Germain ថាមិនត្រូវអាចកើបលុយធំមុនបិទទីផ្សារដោះដូរនៅថ្ងៃទី ៣១ សីហា នោះគឺត្រង់ថាប្រសិនណាចរចាជាមួយ Real Madrid ជោគជ័យលើការផ្ទេរ Kylian Mbappe កញ្ចប់ថវិកាចន្លោះ ១៧០ ទៅ ២០០ លានអឺរ៉ូ នឹងបង្វិលមកក្នុងកុងរបស់ក្លឹបបារាំង។
លុយដែលទទួលបាន ក្លឹបនឹងមិនចាយវាយលើការនាំយកខ្សែប្រយុទ្ធថ្មីនោះទេ ដ្បិតអីបើយើងមើលជាក់ស្តែងគឺ កីឡាករលេងតំណែងប្រយុទ្ធរបស់ក្លឹបក៏មានច្រើនស្រាប់ អស់ពី Mbappe ក៏នៅសល់ Mauro Icardi អាចជំនួសតំណែងកណ្តាលនោះបានដែរ។
បើតាមសារព័ត៌មាន ESPN បានចុះផ្សាយថា PSG នឹងបង្វែររ៉ាដាទៅសម្លឹងមើល Paul Pogba ដោយសាកល្បងប្រើលុយធំចរចាយកគេចេញពី Old Trafford មុនម៉ោង ១១ យប់ថ្ងៃទី ៣១ សីហា ដែលជាកាលបរិច្ឆេទបិទទីផ្សារដោះដូរ។ បើតាមហាងឆេងថ្លៃខ្លួនកីឡាករបារាំងគឺខ្ទង់ ៥០ ទៅ ៦០ លានផោនស្របពេលដែលសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំក្រោយ ២០២២។
វាពិតជាពិបាកសម្រេចចិត្តសម្រាប់ United ប្រសិន PSG ដាក់សំណើមកពិតមែន ព្រោះអីខ្សែបម្រើឆ្នើម Pogba កំពុងឡើងជើងលេងបានល្អខ្លាំង ដោយបើកឆាក ២ ប្រកួតគេ Assist បានដល់ទៅ ៥ លើកឯណោះ ជាចំណែកនាំជ័យជម្នះ ៦ ពិន្ទុពេញមកឲ្យក្រុម។ យើងនឹងរង់ចាំមើលទាំងអស់គ្នា ពីស្ថានភាពដោះដូរបន្តទៅទៀត នៅរយៈពេល ៥ ថ្ងៃចុងក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក