ក្លឹបបារាំង Paris Saint-Germain មុនយកបាន Lionel Messi បើទោះបីមានចចាមអារ៉ាមចុះផ្សាយបែបណា ក៏ពួកគេនៅតែប្រកាន់ជំហរហើយប្រកាសយ៉ាងដាច់អហង្ការថាកីឡាករបារាំង Kylian Mbappe គ្មានបំណងចង់ចាកចេញពីក្លឹប តែចម្លែកអីសារនេះ ប្រហែលជាអស់ការអត់ធ្មត់ ក្លឹបបានប្រកាសពីដំណឹងអាក្រក់មកហើយ។
បើតាមការបញ្ជាក់ពីប្រធានផ្នែកកីឡារបស់ក្លឹបសេដ្ឋីបារាំង លោក Leonardo បាននិយាយប្រាប់ RMC Sport យ៉ាងដូច្នោះថា៖ "Mbappe គេពិតជាចង់ចាកចេញយ៉ាងច្បាស់ពិតមែន ហើយប្រសិនណា Real Madrid អាចផ្តល់ឲ្យយើងនៅតម្លៃដែលចង់បាន យើងនឹងពិចារណា កន្លងមកយើងក៏ធ្លាប់ដាក់សំណើធំ ២ ដើម្បីចរចាលើការបន្តកុងត្រាថ្មីគេហើយដែរ"។
លោកសង្កត់ធ្ងន់៖ "តាមពិតទៅកាយវិការរបស់ Real ធ្វើចេញមក គឺចង់ឲ្យយើង ឆ្លើយថា ទេ ចំពោះការលក់ ដូច្នេះពួកគេបង្ហាញចេញមករបៀបព្យាយាមដែរ តែធ្វើមិនអស់ពីខ្លួន ដោយចង់ចាំដល់យក Mbappe ឆ្នាំក្រោយដោយឥតតម្លៃផ្ទេរ ជាក់ស្តែងទៅពួកគេចេញយុទ្ធសាស្រ្តមកបែបនេះ ២ ឆ្នាំមកហើយ បែបនេះអយុត្តិធម៌ណាស់ ពោលពួកគេក៏បានទាក់ទងទៅកាន់កីឡាករដោយផ្ទាល់ថែមទៀត នេះពិតជាពិបាកនឹងទទួលយក វាជារឿងខុសច្បាប់មួយ"។
គួរបញ្ជាក់ថា ជាការពិតកុងត្រារបស់ Mbappe នៅសល់ត្រឹមរយៈពេលតែ ១ ឆ្នាំទៀតប៉ុណ្ណោះ ហើយដំណឹងចុងក្រោយលឺថា Real Madrid ព្រមដាក់សំណើថ្លៃខ្លួន ១៧០ លានអឺរ៉ូទៅឲ្យក្លឹប PSG ដែរ តែក្លឹបបដិសេធ ហើយចង់បាន ២០០ លានអឺរ៉ូ ដោយទុកពេលឲ្យភាគីក្លឹបអេស្ប៉ាញសម្រេចចិត្តជាលើកចុងក្រោយនៅថ្ងៃសុក្រនេះ៕
ប្រភព៖ AF