នៅពេលទៅទិញរបស់របរហូបចុក ជាទូទៅអ្នកមិនចង់ទិញប៉ះរបស់អន់នោះទេ ហើយក៏មិនចង់ស្តាប់សម្តីអ្នកលក់ទាំងអស់នោះដែរ ពោលចង់មានវិធីសង្កេតវាដោយខ្លួនឯង។ ខាងក្រោម Knongsrok បង្ហាញរបស់ពេញនិយម ៤ ដែលមនុស្សជាច្រើនត្រូវការ តែពិតជាពិបាកបែងចែកគុណភាពល្អឬអាក្រក់របស់វាខ្លាំងណាស់៖
៤) ទឹកឃ្មុំ
ទឹកឃ្មុំមានច្រើនប្រភេទនៅលើទីផ្សារ ហើយមនុស្សជាច្រើនរមែងទិញប៉ះរបស់ក្លែងក្លាយ ដែលមិនត្រឹមតែនាំឲ្យខាតបង់ប្រាក់ប៉ុណ្ណោះទេ ទៀតសោតក៏មិនបាននាំនូវប្រយោជន៍ល្អដល់រាងកាយផងដែរ។
ប្រសិនអ្នកចង់សម្គាល់ទឹកឃ្មុំពិតនិងក្លែងក្លាយ គឺមានវិធីច្រើន ដោយអាចអាចទឹកឃ្មុំនោះលើផ្ទៃរាបស្មើមួយ ប្រសិនទឹកឃ្មុំក្លែងក្លាយវានឹងហូរមកលឿនរាងពេញផ្ទៃ តែបើទឹកឃ្មុំពិតវានឹងហូរជ្រាបមកយឺតៗ។
វិធីម្យ៉ាងទៀតអ្នកអាចសម្គាល់បាន ដោយចាក់ទឹកឃ្មុំមួយស្លាបព្រាបាយ ហើយដាក់វាចូរទៅក្នុងទឹករួចកូរឲ្យសព្វ។ ប្រសិនទឹកឃ្មុំក្លែងក្លាយ ដែលផលិតពីស្ករធម្មតាវានឹងរលាយចូលទៅក្នុងទឹក តែបើទឹកឃ្មុំសុទ្ធមានគុណភាព វាមិនងាយនឹងរំលាយភ្លាមៗនោះទេ។
៣) សាច់មាន់
សាច់មាន់គីមី ឬមាន់មានគុណភាពល្អ អ្នកអាចមើលត្រង់ផ្នែកនៃទ្រូង ប្រសិនឃើញឆ្នូតស មានន័យថាមាន់នោះត្រូវបានគេចាក់បញ្ចូលអ័រម៉ូនលូតលាស់ តែបើអត់ទេ វាជាមាន់មានគុណភាពល្អ ដែលអ្នកអាចទិញយកមកទទួលទានបាន។
លើសពីនេះអ្នកអាចមើលពណ៌នៃសាច់ បើវាប្រែទៅជាពណ៌លឿង នោះគឺជាសាច់មិនស្រស់ តែបើវាឡើងរាងពណ៌ផ្កាឈូកស្រាល ហើយមិនជ្រាយពេក នោះគឺជាសាច់ល្អ។
២) ផ្លែស្រ្តបឺរី
ផ្លែស្រ្តបឺរី អ្នកគួរតែជ្រើសយកប្រភេទផ្លែដែលមានពណ៌ក្រហមចាំង មិនមែនពណ៌ក្រហមដែលមានលាយស ឬពណ៌ក្រហមក្រមៅនោះទេ។ ប្រសិនផ្លែនោះពណ៌ក្រហមចាំង វាទុំល្អអាចយកមកទទួលទានបានឆ្ងាញ់។
១) ត្រី
ចង់បានត្រីស្រស់ ត្រីសាច់ល្អ គឺមើលទៅលើគ្រាប់ភ្នែករបស់វា បើគ្រាប់ភ្នែកនៅមើលឃើញច្បាស់ ភ្លឺ នោះគឺជាត្រីនៅថ្មី។ ប៉ុន្តែបើគេកាត់វាជាបំណែកហើយ អ្នកអាចមើលពេលយកទៅថ្លឹងជញ្ជីង បើបំណែកនៃសាច់ត្រីវានៅជាប់ជញ្ជីង នោះគឺជាសាច់ត្រីដែលមានគុណភាពពិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក