អនាគតរបស់ Kylian Mbappe កាន់តែស្ថិតក្នុងមន្ទិលសង្ស័យសម្រាប់រយៈពេល ១ សប្តាហ៍ចុងក្រោយមុនបិទទីផ្សារដោះដូរ។ កន្លងមកលឺថា កីឡាករបារាំងបានបដិសេធមិនបន្តកុងត្រាថ្មីរយៈពេល ៥ ឆ្នាំ ហើយស៊ូឈរជើងដល់ផុតកុងត្រានិងក្លាយជាកីឡាករឥតតម្លៃខ្លួន។
តាមពិតទៅសាមីខ្លួនពិតជាចង់ចាកចេញ ហើយចែកផ្លូវឲ្យបានលឿនតាមដែលអាចធ្វើទៅបាន គឺល្អបំផុតនៅរដូវក្តៅនេះ តែក្លឹប PSG ហាក់លែងខ្វល់ពីរឿងលុយ ដោយព្យាយាមឃាត់ឃាំងដំណើរ Mbappe ម្តងហើយម្តងទៀត។
ឥឡូវសំណើចុងក្រោយ បើតាមការចុះផ្សាយពីអ្នកវិភាគល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា Real Madrid បានដាក់សំណើនៅតម្លៃផ្ទេរ ១៦០ លានអឺរ៉ូ លើការចុះហត្ថលេខាយក Kylian Mbappe តែពេលនេះហាក់មិនទាន់ទទួលបានសញ្ញាភ្លើងខៀវពីក្លឹបអាណាព្យាបាលនោះទេ។
រំឭកដែរថា Mbappe បានបដិសេធសំណើបន្តកុងត្រាថ្មីដល់ទៅ ៣ លើកពីក្លឹប PSG ដោយគេរង់ចាំតែការចរចាសម្រេចផ្ទេរទៅក្លឹបយក្សអេស្ប៉ាញមួយតែប៉ុណ្ណោះ។ យើងនឹងរង់ចាំមើលបន្តទៀត ព្រោះអីអនាគតរបស់កីឡាករវ័យ ២២ ឆ្នាំ ក៏អាចនឹងផ្សារភ្ជាប់ទៅការដែលតារាឆ្នើម Cristiano Ronaldo និង Lionel Messi អាចចាប់ដៃគ្នានៅទីលាន Parc des Prince នាពេលដ៏ខ្លីខាងមុខផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក