ស្ថានភាពរបស់ Kylian Mbappe នៅរយៈពេលចុងក្រោយ អាចជាមានការចាកចេញ ច្រើនជាងការបន្តនៅ ហើយតាមចចាមអារ៉ាមកន្លងមកយើងលឺថា ប្រហែលផ្ទេរទៅក្លឹប Real Madrid តែក៏មានសង្ឃឹមជាមួយក្លឹបនៅអង់គ្លេសមួយចំនួនដូចជា Man Utd និង Liverpool ជាដើមផងដែរ។
យ៉ាងណាតាមការយល់ឃើញរបស់លោក Jose Enrique អតីតកីឡាករនៅហង្ស បាននិយាយច្បាស់ៗថា ខ្លួនសុខចិត្តរត់ស្រាតទៅក្នុងអាងហែលទឹកហើយផ្សាយផ្ទាល់លើ Instagram ប្រសិនណា Mbappe គេព្រមចុះហត្ថលេខាផ្ទេរមកក្លឹបនៅ Premier League ខាងលើ។
បុរសវ័យ ៣៥ ឆ្នាំសរសេរលើ Instagram ថា៖ "ប្រសិនរឿងនេះកើតឡើងមែន ហើយការផ្ទេរមកកាន់ក្លឹបរបស់យើង [Liverpool] នោះខ្ញុំនឹងរត់ស្រាតលោតទៅក្នុងអាងហែលទឹក ហើយផ្សាយផ្ទាល់លើបណ្តាញសង្គម Instagram"។
វាពិតជាពិបាកនឹងស្មានទុកមុន ព្រោះក្នុងពិភពបាល់ទាត់អ្វីៗក៏អាចកើតឡើងបានដែរ ជាក់ស្តែងដូចរឿង Messi ទៅ PSG តើមាននរណាទៅគិតមុននោះ? យ៉ាងណាបើយើងមើលស្ថានភាពរបស់ហង្សពេលនេះ ចំពោះតំបន់ប្រយុទ្ធពួកគេមិនខ្វះនោះទេ ហើយបើនិយាយកញ្ចប់លុយដែលក្លឹបចង់ចំណាយអាចថាមានគ្រប់គ្រាន់ដែរ តែវាស៊ីសងលើលក្ខខណ្ឌដែលក្លឹបផ្តល់ឲ្យ និងការសម្រេចចិត្តរបស់កីឡាករផ្ទាល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក