ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍ថា នឹងមិនមានការរាំងស្ទះដំណើរចង់ចាកចេញរបស់ Kieran Trippier នោះទេ ហើយបើចង់សម្រេចការផ្ទេរទៅ Arsenal ក៏ក្លឹបអាចជូនតាមសំណូមពរបាន តែសុំឲ្យភាគីក្លឹបអង់គ្លេសព្រមតាមការចង់បានរបស់ខ្លួនដូចគ្នា។
យើងទៅមើលស្ថានភាពលើទីផ្សារដោះដូរបន្តិច ដោយលឺថាក្លឹបកាំភ្លើងធំ ចង់លក់ចេញ Hector Bellerin មុនបិទទីផ្សារដោះដូរនាចុងខែសីហា ហើយចរចាយក Trippier មកជំនួសវិញ។ យ៉ាងណាសម្រាប់ក្លឹបអាណាព្យាបាល At ពួកគេមិនចង់ឲ្យ Arsenal ហត់នឹងចាយលុយនោះទេ ពោលសុំដោះដូរកីឡាករស្មើតែម្តង។
តាមសារព័ត៌មាន TheSun បានចុះផ្សាយ ក្លឹបអេស្ប៉ាញ នឹងព្រមប្រគល់ Trippier ឲ្យទៅបាន ប្រសិនណា Arsenal ព្រមដោះដូរស្មើ ដោយផ្តល់ Aubameyang ឬ Lacazette មកឲ្យក្លឹបអេស្ប៉ាញវិញ។ ស្តាប់ទៅសំណើនេះ អាចថាពិបាកបន្តិចសម្រាប់ Arsenal ដ្បិតបើ Trippier គេល្អ តែបើក្លឹបដករវាងអ្នកទាំងពីរខាងលើចេញ ក៏ត្រូវចាយលុយទៅរកអ្នកជំនួសទៀតហើយ ព្រោះបច្ចុប្បន្នកំពុងខ្សត់ខ្សែប្រយុទ្ធជំនាញស្រាប់ផង។
រំឭកដែរថា តាមហាងឆេងថ្លៃខ្លួន Trippier អាចថ្លៃប្រមាណ ២០ លានអឺរ៉ូ ខណៈ Aubameyang អាចថ្លៃ ២៥ លានអឺរ៉ូ ហើយ Lacazette អាចថ្លៃ ២៨ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក