ជាការពិតមនុស្សស្រីដែលមានការងាររវល់ច្រើន រៀងរាល់ថ្ងៃនាងមិនសូវបានមើលថែសុខភាពរាងកាយនិងសម្រស់ខ្លួនឯងបានដិតដល់នោះទេ ហើយបើចេះតែបណ្តែតបណ្តោយយូរទៅ នឹងកាន់តែពិបាកទាញត្រលប់មកវិញ។
ជាទូទៅពួកនាងងាយនឹងមានសភាពមុខមាត់ចាស់ជាងវ័យ ឆាប់ឡើងមុខ ស្បែកមានខ្លាញ់ច្រើន ឡើងជ្រីវជ្រួញ ហើយអ្នកខ្លះមិនសូវបានគេង ក៏ភ្នែករាងដក់ជាប់រង្វង់ខ្មៅថែមទៀត។ ថ្ងៃនេះ Knongsrok ណែនាំទម្លាប់ទាំង ៥ ដែលមនុស្សស្រីរវល់ច្រើន គួរតែឆ្លៀតនិងប្រកាន់ខ្ជាប់ជានិច្ច៖
៥) ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក
អ្នកគួរតែជ្រើសរើសនៅអាហារ ឬផលិតផលដែលគួរឲ្យទុកចិត្តណាមួយ ដែលអាចបន្ថែមជាតិកូឡាជែន និងវីតាមីនមកដល់ស្បែក។ ជាទូទៅស្រ្តីចូលវ័យស្រករ ២០ ជិត ៣០ ដែលពេញវ័យរវល់នេះ គឺការផលិតកូឡាជែននឹងមានការធ្លាក់ចុះ ហើយមានតែអាហារូបត្ថម្ភពីខាងក្រៅទេ ដែលអាចជួយបាន ដោយវាដើរតួយ៉ាងសំខាន់ក្នុងការពន្យារភាពចាស់របស់មនុស្សយើងម្នាក់ៗ។
ដូចគ្នាទៅនឹងវីតាមីន C វាមានមុខងារទៅបំបាត់ស្នាមជាំ និងអាចម៍រុយ ហើយធ្វើឲ្យស្បែកភ្លឺរលោង។ បន្ថែមពីនេះក៏ត្រូវផ្តល់សំណើមដល់ស្បែកឲ្យគ្រប់គ្រាន់ ឧទាហរណ៍ដូចជាការលាបឡេការពារកម្តៅថ្ងៃ ដែលវាក្រៅពីជួយការពារពីកាំរស្មី UV ទៀតសោតក៏បន្ថែមសំណើមឲ្យស្បែកមិនឲ្យស្ងួតនិងប្រេះផងដែរ។
៤) លាងសម្អាតផ្ទៃមុខជានិច្ច
មិនថាតែពេលនៅផ្ទះក៏ដោយ ក៏ស្បែករមែងបញ្ចេញជាតិខ្លាញ់ និងកោសិកាងាប់មកដែរ ដូច្នេះអ្នកត្រូវមានទម្លាប់ឆ្លៀតសម្អាតវាជាប្រចាំ។ ជាពិសេសសម្រាប់មនុស្សស្រីរវល់ច្រើន ពួកគេឆាប់ទទួលរងសម្ពាធការងារ បញ្ហាស្រ្តេសដែលងាយធ្វើឲ្យមុខកាន់តែឡើងមុន និងខ្លាញ់ ហើយបើមិនឆ្លៀតថែរក្សាគឺនឹងកាន់តែយ៉ាប់យ៉ឺនទៅពេលខាងមុខ។
៣) កុំប្រើទូរស័ព្ទមុនពេលចូលគេង
ផលប៉ះពាល់នៃពន្លឺពណ៌ខៀវចេញពីអេក្រង់ទូរស័ព្ទ ធ្វើឲ្យស្បែកខូចស្រដៀងនឹងផលប៉ះពាល់នៃកាំរស្មីអ៊ុលត្រាវីយូឡេពីព្រះអាទិត្យដែរ។ ដូច្នេះស្បែកនឹងងាយស្រអាប់ ឡើងជាំ អ៊ីចឹងហើយមុនពេលចូលដំណេក មិនត្រូវដាក់ទូរស័ព្ទក្បែរខ្លួន ឬប្រើប្រាស់ទូរស័ព្ទឡើយ។
២) គេងឲ្យបានគ្រប់គ្រាន់
ការគេងគឺជារឿងសំខាន់ណាស់ ព្រោះវានាំអុកស៊ីហ្សែនចូលទៅក្នុងស្បែក ដើម្បីរំញោចដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយដំណើរការនៃភាពចាស់ជាងវ័យ។ ការគេងមិនគ្រប់គ្រាន់ គឺជាដើមចមធ្វើឲ្យភ្នែកខ្មៅ មុខឆាប់ឡើងមុន ហើយការចាប់ផ្តើមថ្ងៃថ្មីក៏មិនបានល្អនោះដែរ។
១) ឆ្លៀតហាត់ប្រាណ
បើលុយរកបានហើយ សុខភាពល្អ សម្រស់បានទៀត នោះទើបជាមនុស្សស្រីដ៏អស្ចារ្យពិត។ ដូច្នេះគួរឆ្លៀតពេលវេលាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ អាចថា ១ ថ្ងៃ ៣០ នាទី ទៅ ១ ម៉ោងស៊ីសងលើពេលវេលាជាក់ស្តែង ដោយនៅផ្ទះក៏បាន នៅខាងក្រៅក៏បាន ដើម្បីបង្កើនចរន្តឈាមឲ្យរត់ស្រួល ដែលនេះសំខាន់ណាស់ ព្រោះវាធ្វើឲ្យស្បែកមើលទៅហាប់ណែនល្អនិងភ្លឺថ្លាជាងមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក