បើតាមរបាយការណ៍ពី RMC Sport បានចុះផ្សាយថា តារាឆ្នើម Kylian Mbappe បានបដិសេធហើយនៅការបន្តកុងត្រាថ្មីរយៈពេល ៥ ឆ្នាំ ដែលជាផែនការណ៍ក្លឹបយក្សបារាំង Paris Saint-Germain ផ្តល់ឲ្យ ជារួមគេប្រកាន់គោលជំហរចង់ចាកចេញដូចមុនដដែល។
ដោយសារមើលឃើញពីឆន្ទៈរបស់កីឡាករក្នុងការចង់ចែកផ្លូវ ក៏សម្រេចឲ្យក្លឹបបង្ខំចិត្តបើកភ្លើងខៀវអនុញ្ញាតឲ្យគេទៅចូលរួមនៅក្លឹបដទៃ ត្រឹមទីផ្សារដោះដូររដូវក្តៅនេះ ព្រោះអីបើទុកយូរដល់ឆ្នាំក្រោយ នោះគេនឹងក្លាយជាកីឡាករឥតតម្លៃខ្លួន ហើយពុំបានចំណូលអ្វីទាំងអស់មកកាន់ក្លឹប។
ប្រភពបានបន្ថែមថា បើលក់ Mbappe ពេលនេះ ក៏អាចកើបលុយបានខ្ទង់ ១០០ លានអឺរ៉ូយ៉ាងតូចដែរ ហើយណាមួយ Real Madrid ក៏ចង់បានស្រាប់ផង។ ជំនួសមកវិញ PSG ក៏នឹងទៅចរចាយកអ្នកថ្មីមកជំនួសតំណែងរបស់កីឡាករបារាំង ហើយម្នាក់នោះគឺជាមិត្តរួមជម្រើសជាតិប្រេស៊ីល របស់ Neymar។
PSG សម្លឹងឃើញ Richarlison ជាខ្សែប្រយុទ្ធកំពុងឈរជើងឲ្យក្លឹប Everton ដែលកីឡាករវ័យ ២៤ ឆ្នាំ សេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤។ បើតាមហាងឆេងថ្លៃខ្លួន គេអាចថ្លៃប្រមាណ ៥៥-៦០ លានអឺរ៉ូ ស៊ីសងលើការចរចាជាមួយក្លឹបអាណាព្យាបាលដោយផ្ទាល់ ខណៈកាលបរិច្ឆេទទីផ្សារដោះដូរនឹងត្រូវបិទទ្វារនៅថ្ងៃទី ៣១ សីហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក