ចចាមអារ៉ាមនៃការចាកចេញរបស់ Cristiano Ronaldo ហាក់កាន់តែក្តៅគគុកឡើង បន្ទាប់ពីតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតបើកឆាក ដែលនេះដូចបានបន្ថែមភ្លើងនៃការចាកចេញឲ្យកាន់តែឆេះខ្លាំងឡើង។
មានក្លឹបធំៗដូចជា Man City, Man Utd, Paris Saint-Germain និង Real Madrid ជាដើម ដែលធ្លាប់លេចលឺចង់បានតារាឆ្នើមវ័យ ៣៦ ឆ្នាំ ប៉ុន្តែបើយើងមើលតាមស្ថានភាពហិរញ្ញវត្ថុក្លឹបបច្ចុប្បន្ន គឺមានតែ Man City និង Man Utd ប៉ុណ្ណោះ ដែលសង្ឃឹមខ្ពស់លើការនាំយក CR7។
សម្រាប់ក្លឹបសេះបង្កង់ ក៏បានគិតគូរដែរអំពីបញ្ហានេះ ព្រោះអីសុពលភាពកុងត្រារបស់ Ronaldo នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំក្រោយ ២០២២ ដូច្នេះបើក្លឹបរក្សាជើងគេទុក នោះមានន័យថា ចាំបាច់កីឡាករត្រូវបន្តកុងត្រាថ្មី មិនដូច្នោះទេ គេនឹងក្លាយជាកីឡាករឥតតម្លៃខ្លួន ហើយពុំបាននាំចំណូលអ្វីទាំងអស់ត្រលប់មកវិញ មួយទៀត Juve ក៏ត្រូវចាយថ្លៃពលកម្មឲ្យគេពេញមួយរដូវកាលសេសសល់នេះដែរ។
ផ្ទុយទៅវិញបើក្លឹបអាណាព្យាបាលមានមូលដ្ឋានក្នុងទីក្រុង Turin ចង់លក់ចេញម្ចាស់ពាន Ballon d'Or ៥ សម័យកាល នោះហាងឆេងនៅទីផ្សារដោះដូរសេសសល់រយៈពេល ១ សប្តាហ៍ចុងក្រោយនេះ គឺគេអាចមានតម្លៃ ២៥ លានផោន តែបណ្តាក្លឹបដែលចង់បាន ក៏ត្រូវចាំថា ទាមទារការចំណាយលើថ្លៃពលកម្មប្រហាក់ប្រហែល ២៥ លានផោននោះបន្ថែមមួយតង់ទៀតផងដែរ។ នេះបើតាមសារព័ត៌មាន Daily Mail បានចុះផ្សាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក