នៅកំឡុងស្ថានភាពដែលពិភពលោកជួបបញ្ហាជំងឺរាតត្បាត ជឿថាមនុស្សមួយចំនួនចេះតែមានការព្រួយបារម្ភ ដោយចង់ដឹងថា តើផ្នែកសួតរបស់ពួកគេមានដំណើរការល្អ ឬខ្សោយជាងមនុស្សទូទៅដែរឬទេ? ពួកគេពិតជាពិបាកនឹងស្វែងរកវិធីធ្វើតេស្ត ហើយបើតាមការណែនាំខ្លះគេតម្រូវការឧបករណ៍ តែក្នុងអត្ថបទនេះ Knongsrok សូមចែករំលែកវិធីសាមញ្ញតាមធម្មជាតិ ៤ ក៏អាចដឹងខ្លះៗពីដំណើរការសរីរាង្គសួតរបស់អ្នកបានដែរ៖
១) ឡើងជណ្ដើរ
សាកល្បងឡើងជណ្តើរផ្ទះ កម្ពស់ ៣ ជាន់ ប្រសិនអ្នកអាចដើរឡើងជាធម្មតា ដោយមិនមានការថប់ដង្ហើម ឬទាមទារឲ្យឈប់សម្រាក នោះមានន័យថា សួតអ្នកនៅល្អខ្លាំង។ ប៉ុន្តែបើផ្ទុយពីនោះ អ្នកដើរឡើងបន្តិចហត់ ដង្ហក់ខ្យល់ចង់ឈប់សម្រាក នោះសួតអ្នករាងមានបញ្ហាបន្តិចហើយ។
២) លំហាត់ប្រាណនៅនឹងកន្លែង
អ្នកអាចសាកល្បងវិធីមួយទៀត គឺការរត់នៅនឹងមួយកន្លែង ដែលលំហាត់ប្រាណនេះ បើអ្នកអាចធ្វើបាននៅរយៈពេល ៥-៦ នាទី ដែលធ្វើចលនាដូចជារត់ ឬដើរលឿនចុះឡើងនៅមួយកន្លែង ដោយមិនមានអាការៈហត់ ឬពិបាកដកដង្ហើម នោះក៏មានន័យថា មុខងារសួតរបស់អ្នកនៅល្អដែរ។
៣) ការរក្សាទុកអុកស៊ីសែន
ការធ្វើតេស្តនេះ គឺ តម្រូវឲ្យអ្នកបិទច្រមុះ បិទមាត់ខ្លួនឯង មិនឲ្យដកដង្ហើម ហើយប្រសិនអាចធ្វើបានរយៈពេល ៣០ វិនាទីឬច្រើនជាងនេះ មានន័យថា សួតរបស់អ្នកនៅល្អ តែបើធ្វើបានក្រោម ២០ វិនាទី គឺសួតរបស់អ្នកមិនសូវជាល្អប៉ុន្មានទេ។ ប៉ុន្តែក្នុងវិធីតេស្តមួយនេះ សូមកុំបង្ខំខ្លួនឯងពេកអី។
៤) ផ្លុំទៀន
អុជភ្លើងទៀន ហើយសាកល្បងផ្លុំនៅចម្ងាយពីទៀនប្រហែល ២០ សង់ទីម៉ែត្រ។ ចូរស្រូបខ្យល់ចូល ហើយប្រើកម្លាំងបញ្ចេញឲ្យអស់ ប្រសិនកម្លាំងខ្យល់ចេញពីមាត់នោះអាចពន្លត់ភ្លើងទៀនបាន មានន័យថាសួតរបស់អ្នកនៅល្អជាធម្មតា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក