បច្ចុប្បន្នគេកំពុងពេញនិយមនៅភេសជ្ជៈថ្មី ដែលហៅឈ្មោះថា តែមេអំបៅ។ ប្រភេទរុក្ខជាតិនោះពេលដាក់ចូលទឹកទៅ វានឹងប្រែពណ៌ទៅជាពណ៌រាងខៀវស្រងាត់ យ៉ាងណាតាមការស្រាវជ្រាវវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ប្រសិនយើងប្រើប្រាស់ខុស។
តាមប្រភពគេហទំព័រគួរឲ្យទុកចិត្តមួយ បានបង្ហាញថាផ្កាមេអំបៅដែលយើងយកមកច្នៃលើកសម្រស់ពណ៌តែនោះ គឺមានផ្នែក ២ ដែលវាបង្កប់ជាតិពុល គឺត្រង់ផ្នែកគ្រាប់និងឬស។
តាមពិតទៅឬសរបស់វា មានជាតិពុលមួយផ្នែកនោះ តាមប្រទេសខ្លះគេច្នៃវាទៅជាឱសថ ដើម្បីបង្ក្រាបពិសសត្វពស់ ក៏ដូចជាសត្វល្អិតខ្ទិចមួយចំនួន។ រីឯគ្រាប់របស់វាក៏ដូចគ្នាដែរ បើគេច្នៃប្រើត្រឹមត្រូវ គឺអាចបន្សាបភាពក្តៅក្នុងខ្លួនឲ្យទៅជាត្រជាក់បាន យ៉ាងណាគេមិនណែនាំឲ្យចេះតែប្រើប្រាស់តាមចិត្តចង់នោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ច្រើនជាងផ្តល់ប្រយោជន៍។
មនុស្ស ៤ ប្រភេទដែលគេណែនាំមិនឲ្យទទួលទានប្រភេទតែមេអំបៅ ឬផ្កាមេអំបៅដែលគេច្នៃទៅធ្វើជារបស់អ្វីមួយ មានដូចជាស្រ្តីកំពុងពពោះ មនុស្សដែលត្រៀមឆ្លងកាត់ការវះកាត់ មនុស្សចាស់ដែលមានជំងឺ ក៏ដូចជាក្មេងតូចៗ ដែលនៅមានប្រព័ន្ធភាពសុាំខ្សោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក