# ពិធីបុណ្យសែនក្បាលទឹកជាអ្វី?
នៅក្នុងជំនឿរបស់ជនជាតិចិន ពិធីបុណ្យ សែនក្បាលទឹក ឬភាសាចិនហៅថា 中元节 (Zhong Yuan Jie) សម្រាប់សាសនាតៅ ឯសាសនាព្រះពុទ្ធនិការមហាយានមានឈ្មោះថា 盂蘭節 ( Yu Lan Jie ) មានអត្ថន័យស្រដៀងនឹងពិធីបុណ្យភ្ជុំខ្មែរយើងដែរ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថា បុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ។
បុណ្យនេះត្រូវបានគេធ្វើឡើងក្នុងខែ៧ របស់ចិន (ខែចិន រាប់ពីថ្ងៃចូលឆ្នាំចិន ជាខែទី១ ) សម្រាប់បងប្អូនចិន កាតាំង ហុកគៀន (សែនមុនមួយថ្ងៃ) តែសម្រាប់បងប្អូនចិនទាជីវវិញ គឺគេធ្វើនៅថ្ងៃ១៥ កើត ខែ ៧ ចិន ដោយឆ្នាំ ២០២១ នេះត្រូវចំនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ (ថ្ងៃទី១៥ ខែសីហា)។
#ប្រវត្តិនៃវិធីបុណ្យសែនក្បាលទឹក
ចំពោះប្រវត្តិនៃការសែនក្បាលទឹក មានរឿងនិទាន និងប្រវត្តិខុសគ្នាចំនួន ៣ ធំៗ តែមានអត្ថន័យស្រដៀងៗគ្នា ទាក់ទងនឹងការសែនព្រេនព្រលឹងខ្មោច និងខ្មោចអនាថាដូចៗគ្នា ខាងក្រោមនេះ ៖
ព្រេងនិទានទី១ ទាក់ទងនឹងជនជាតិចិន
តាមជំនឿរបស់ជនជាតិចិន បានរៀបរាប់ថា បុណ្យសែនក្បាលទឹក គឺជាពិធីរំឭកនឹកគុណដល់ខ្មោចទឹក និងខ្មោចអនាថា ដែលតែងតែតាមជួយថែរក្សាមនុស្សលោកក្នុងរដូវទឹកឡើង មិនឱ្យមានទឹកជំនន់និងគ្រោះអាក្រក់ផ្សេងៗ ។ ដោយគេរៀបចំពិធីសែនព្រេន ដើម្បីឧទ្ទិសដល់វិញ្ញាណអារក្សទឹក តូចធំ និងព្រលឹងខ្មោចក្រៅផ្ទះ ដែលនឹងហូរចូលមកក្នុងស្រុកភូមិ តាមរយៈលំហូរទឹកស្ទឹង បឹង ទន្លេ នានា។
ព្រេងនិទានទី២ ទាក់ទង សាសនាតាវ
ពិធីបុណ្យសាសនាតាវនេះ មានប្រភពមកពីរាជវង្សវៃខាងជើង (៣៦៨-៥៣៤) តាំងពីជាង ២០០០ឆ្នាំមុន ។ ពិធីបុណ្យនេះធ្វើឡើងក្នុងពិធីចម្រើនព្រះជន្មរបស់ អាទិទេពមួយអង្គព្រះនាម Qingxu ដែលជាអ្នកកាត់ទោសមនុស្សសាងបាបកម្មនៅឋាននរក។ ហើយរាល់ថ្ងៃចម្រើនព្រះជន្ម អាទិទេពអង្គនេះ នឹងធ្វើការដោះលែងព្រលឹងខ្មោចដែលរងកម្មឲ្យមានសេរីភាព ក្នុងខែនៃខ្មោចនេះដើម្បីទទួលសំណែន ឬតង្វាយផ្សេងៗ។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីរំដោះព្រលឹងចេញពីការធ្វើបាបនៅឋានរក និងការពារពួកគេពីការបង្កបញ្ហាដល់មនុស្សលោក។ ហេតុនេះហើយបានជាពួកតាវនិយមសូត្រធម៌ធ្វើពិធីសាសនា និងថ្វាយយញ្ញបូជាដើម្បីរំដោះវិញ្ញាណក្ខន្ធដែលរងទុក្ខកន្លងមក។
ព្រេងនិទានទី៣ ទាក់ទង ព្រះពុទ្ធសាសនា
រឿងព្រេងនិទាននេះ និយាយពីកាលដែល ព្រះពុទ្ធ ព្រះពុទ្ធសក្យមុនី ( Shakyamuni ) នៅមានព្រះជន្មាយុ ដោយក្នុងចំណោមសិស្សដប់នាក់របស់ទ្រង់មាន សិស្សមួយឈ្មោះ Mulian ទទួលបានការបណ្តុះ និងការត្រាស់ដឹងក្លាយជាអរហរដោយអំណាចនៃការប្រតិបត្តិធម៌។
Mulian បានសម្មាធិដឹងថា ឪពុកម្តាយដែលបានស្លាប់ ក្លាយទៅជាខ្មោចអនាថា អត់ឃ្លាន ក្នុងឋាននរក ឃើញដូចនេះដើម្បីសងគុណម្តាយឪពុក Mulain បាននិមិត្មបាយទឹកដល់ម្តាយឪពុកនោះតែស្រាប់តែបាយទឹកនោះប្រែក្លាយជាផេះទៅវិញ។ Mulian បានទៅទូលដល់ព្រះពុទ្ធតាមដំណើររឿង ទ្រង់បានផ្តល់គំនិតថា ម្តាយឪពុក Mulian មានទោស និងសាងអំពើបាបជាច្រើននៅពេលគាត់នៅរស់ ដូច្នេះគាត់ត្រូវតែជាខ្មោចដែលឃ្លានហើយត្រូវរងទុក្ខច្រើន។ អ្នកមិនអាចដោះលែងដោយកម្លាំងផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែអំណាចធម៌របស់ព្រះសង្ឃតាមទិសទាំង ១០ នឹងអាចជួយបាន។ ប្រសិនជាចង់ដោះលែងម្តាយឪពុកពីឋានខ្មោចដែលស្រេកឃ្លាន គួរតែផ្តល់សំណែនជាអាហារបួសល្អគ្រប់ប្រភេទដល់ពួកគាត់ ហើយនេះគឺជាទង្វើល្អដែលអាចរំដោះម្តាយឪពុកបាន។
ក្រោយកើតហេតុរឿងនេះមក ទំនៀមទម្លាប់នៃពិធីបុណ្យនេះក៏បនកកើតឡើងរហូតបច្ចុប្បន្ន។
# ជំនឿនៃការសែនព្រេន
ការៀបចំពិធីបុណ្យនេះ មានការរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។
ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏ចប់ ដោយមិនសែនពេលល្ងាចនោះទេ ។ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតនៅលើកន្ទេលដាក់ផ្ទាល់ដី តាមជំនឿ និងធនធានដែលខ្លួនមានដើម្បីសែនដល់ខ្មោចអនាថា។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ដើម្បីសុំពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។
#ត្រណមក្នុងពិធីបុណ្យ
គេមានត្រណមថា សកម្មភាពមួយចំនួនគួរជៀសវាងអំឡុងពេលនៃថ្ងៃបុណ្យ ជាពិសេសនៅពេលយប់ ដែលអាចនាំសំណាងមិនល្អដូចជា៖
-ហាមហាលសំលៀកបំពាក់ខាងក្រៅ ព្រោះថាអាចនឹងមានព្រលឹងខ្មោចបិសាចមកស្លៀកសំលៀកបំពាក់នោះ ដែលនាំឲ្យមានសំណាងមិនល្អ។
-ហាមផ្អែកជញ្ជាំង ឬនៅជិតជញ្ជាំងខ្លាចពេក
-ហាមជិះឡាន ឬរថភ្លើងជើងចុងក្រោយបង្អស់ដែលគ្មានមនុស្ស
-ហាមទុកស្បែកជើងក្បែរគ្រែគេង
-ហាមហួចពេលយប់
-ហាមចុះហែលទឹក ព្រោះថាអាចមានព្រលឹងខ្មោចទឹកទាញជើងយកទៅ
-ហាមកោររាមជើង
-ហាមបត់ជើងតូចដាក់ដើមឈើ ដែលធ្វើឲ្យព្រលឹងរស់នៅទីនោះខឹង និងនាំសំណាងមិនល្អមក
-ហាមដើរលេងនៅជិតដើមឈើនៅពេលយប់
-ហាមថតរូបពេលយប់ ព្រោះអាចថតជាប់ព្រលឹងខ្មោចព្រាយបិសាចបាន
-ហាមមិនឱ្យរៀបការនៅក្នុងខែនៃពិធីបុណ្យ ដែលអាចនាំសំណាងមិនល្អ ឬអពមង្គល
-ហាមនិយាយអំពីរឿងខ្មោចនៅក្នុងពិធីបុណ្យនេះ ដែលអាចបង្កជាសំណាងអាក្រក់បាន
-ហាមចាប់ស្មានរណាម្នាក់ពីក្រោយ ៕
ប្រភព៖ បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក