អាហារពណ៌សទាំង ៣ ដូចបង្ហាញខាងក្រោមនេះ ប្រសិនអ្នកទទួលទានកាន់តែច្រើន នោះនឹងកាន់តែប្រឈមហានិភ័យនៃការកើតជំងឺធាត់ បេះដូង ទឹកនោមផ្អែម... ដូច្នេះហើយអ្នកគួរតែទទួលទាននៅកម្រិតដ៏សមរម្យមួយបានហើយ៖
៣) ស្ករស
ជារឿយៗពេលចម្អិនអាហារ អ្នកខ្លះដែលនិយមការទទួលទានផ្អែម ចូលចិត្តប្រើប្រាស់ស្ករសច្រើន ដែលងាយឲ្យរាងកាយប្រឈមគ្រោះថ្នាក់ ព្រោះអីថ្លើម និងតម្រងនោមពិបាកធ្វើការក្នុងការរំលាយសារធាតុទាំងនេះខ្លាំងណាស់។
ដូច្នេះហើយនៅពេលជាតិស្ករចូលរាងកាយច្រើន កម្រិតអាំងស៊ុយលីនក៏ឡើងខ្ពស់ ហើយកម្រិតជាតិគ្លុយកូសនៅក្នុងឈាមដែលផ្សារភ្ជាប់ទៅកាន់កោសិកាមួយចំនួនក្នុងរាងកាយ ក៏បង្កឲ្យកើតជំងឺមហារីកក្រពះ មហារីកសុដន់ មហារីកពោះវៀនធំ... សុទ្ធតែជាជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។
២) អំបិល
ជាគ្រឿងទេសដែលគេខ្វះពុំបាន ហើយសំខាន់ជាងស្ករទៅទៀត ដោយក្នុងអាហារខ្លះ គឺអ្នកចម្អិនដាក់មួយឆ្ងាញ់ដៃ ដោយមិនសូវគិតពីសុខភាពនោះទេ។ អ្នកត្រូវដឹងថា កម្រិតជាតិប្រៃប្រមូលផ្តុំច្រើនក្នុងរាងកាយ វានឹងក្លាយទៅជាសារធាតុពុល ដែលបង្កហានិភ័យនៃការកើតជំងឺមហារីកក្រពះ ដំបៅរ៉ាំរ៉ៃ និងជំងឺបេះដូងជាដើម។
១) បាយ
បាយស ជាអាហារដែលប្រជាជនយើងខ្វះមិនបាន ដោយវាមានទាំងសារធាតុចិញ្ចឹម និងជាតិស្ករច្រើននៅក្នុងនោះ។ ទោះយ៉ាងណាអ្នកមិនទទួលទានវាច្រើនពេកទេ ព្រោះវាងាយឲ្យឡើងជាតិស្ករក្នុងឈាម វិវត្តទៅជាការកើតជំងឺទឹកនោមផ្អែម។
ដើម្បីការពារសុខភាពឲ្យបានល្អ អ្នកគួរកាត់បន្ថយរបស់ទាំង ៣ ខាងលើ ហើយប្តូរមកទទួលទាននៅប្រភេទបន្លែពណ៌បៃតង ផ្លែឈើ ក៏ដូចជាគ្រាប់ធញ្ញជាតិមួយចំនួនជំនួសវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក