ជំងឺទឹកនោមផ្អែមគឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយមនុស្សជាច្រើនមិនបានដឹងមុននោះទេ ហើយចេះតែបណ្ដែតបណ្ដោយ រហូតនាំឲ្យធ្លាក់ខ្លួនឈឺខ្លាំង ពិបាកក្នុងការព្យាបាល។ យ៉ាងណាក្នុងអត្ថបទនេះ យើងណែនាំពីវិធីសង្កេតមើលតាមរយៈការទទួលទានទឹក ២ ចំណុចដូចខាងក្រោម៖
១) បន្ទាប់ពីផឹកទឹករួច នៅតែស្ងួតមាត់
អ្នកជំនាញនៅប្រទេសឥណ្ឌានិយាយថា ការស្រេកទឹកខ្លាំងញឹកញាប់ពេក ក៏ជាសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមមួយដែរ ព្រោះដោយសាររាងកាយអ្នកហាក់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមមិនបានល្អ នោះឲ្យតម្រងនោមផលិតទឹកនោមមកច្រើនលើសកំណត់។ នេះបណ្ដាលឲ្យអ្នកឆាប់ខ្វះជាតិទឹក ហើយស្រេកទឹកញឹកញាប់។
មួយផ្សេងទៀតក្រោយពេលផឹកទឹក មាត់របស់អ្នកនៅតែស្ងួត ហាក់គ្មានសំណើមទាល់តែសោះ នោះក៏ជាសញ្ញាព្រមានគួរឲ្យចាប់អារម្មណ៍មួយដូចគ្នា។
២) ផឹកទឹកតិចតួច តែនោមច្រើន
មនុស្សពេញវ័យ ជាមធ្យមនោម ៦-៨ ដងក្នុងមួយថ្ងៃ នោះគឺមានសុខភាពល្អ តែបើនោមញឹកញាប់លើសពី ៨ ដង ហើយជាមនុស្សដែលមិនទទួលទឹកច្រើនផង នោះគឺជាសញ្ញាបង្ហាញច្បាស់នៃការកើតជំងឺទឹកនោមផ្អែម។
លើសពីនេះវាក៏អាចជាជំងឺតម្រងនោមផងដែរ ហើយយកល្អគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យរកមូលហេតុនិងព្យាបាលឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា រោគសញ្ញាគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតមានដូចជា ឧស្សាហ៍ខ្សោះជាតិទឹក ហើយឆាប់វិលមុខឈឺក្បាល ស្បែកផ្លាស់ប្តូរពណ៌ ទម្ងន់ប្រែប្រួលលឿន និងការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឲ្យអ្នកឆាប់ស្រវាំងភ្នែកជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក