អំបោសបោសសម្អាតផ្ទះ មិនចេះតែអាចដាក់នៅទីតាំងណាតាមអំពើចិត្តនោះទេ ដោយតាមក្បួនហុងស៊ុយ វាក៏អាចជះឥទ្ធិពលដល់យីអ៊ុនឡើងចុះរបស់ម្ចាស់ផ្ទះបានដែរ។ ខាងក្រោមយើងបង្ហាញទីតាំងទាំង ៥ ដែលដាច់ខាតមិនត្រូវដាក់អំបោស ព្រោះវានាំឲ្យអ្នកធ្លាក់ចុះយីអ៊ុន និងជួបសំណាងមិនល្អ៖
៥) កុំដាក់នៅមាត់ទ្វារចេញចូលផ្ទះ
ដោយសារតែអំបោសជារបស់កខ្វក់ ដូច្នេះមនុស្សជាច្រើនរមែងទុកវានៅទីតាំងក្បែរមាត់ទ្វារចេញចូលអាចជាខាងក្នុងឬក្រៅផ្ទះ។ យ៉ាងណានេះជាការអនុវត្តខុសឆ្គងមួយហើយ ដោយសារមាត់ទ្វារចេញចូលផ្ទះ តាមក្បួនហុងស៊ុយ គឺជាកន្លែងហៅទ្រព្យ ហៅលាភចូលមកខាងក្នុងបរិវេណផ្ទះ ដូច្នេះបើអ្នកដាក់អំបោសនៅផ្លូវចូលនោះ ស្មើនឹងអ្នកបាចបន្លា បញ្ចៀសមិនឲ្យលាភចូលមកក្នុងផ្ទះអ៊ីចឹងដែរ។
៤) កុំដាក់អំបោសនៅកាច់ជ្រុងបន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវក៏ដូចគ្នា ជាកន្លែងដែលទទួលយកភាពរុងរឿង និងសំណាង ដែលជាស្នូលនៃផ្ទះដ៏សំខាន់មួយ។ ការទុកអំបោសនៅក្បែរនោះ ស្មើនឹងដូចបំផ្លាញលាភសំណាងរបស់ម្ចាស់ផ្ទះដូចគ្នាអ៊ីចឹងដែរ។
៣) កុំដាក់អំបោសនៅក្នុងផ្ទះបាយ
បន្ទប់ទទួលភ្ញៀវតំណាងឲ្យស្វាមី រីឯផ្ទះបាយក្តីតំណាងឲ្យភរិយា។ នេះបើតាមក្បួនហុងស៊ុយដែលគេតំណាលតាំងពីដើមរៀងមក។ ដូច្នេះវាដូចគ្នាទៅនឹងបន្ទប់ទទួលភ្ញៀវដែរ ហើយគេជឿថា វានឹងអាចធ្វើឲ្យម្ចាស់ផ្ទះមានសុខភាពផ្លូវកាយនិងផ្លូវចិត្តមិនល្អ។
២) កុំដាក់អំបោសនៅក្នុងបង្គន់
បង្គន់ជាកន្លែងកខ្វក់ផុតលេខមួយហើយក្នុងផ្ទះ ដូច្នេះគ្នាយើងខ្លះគិតថា វាជាការសមរម្យ ដែលដាក់អំបោសនៅទីនោះ។ យ៉ាងណាបើតាមក្បួនហុងស៊ុយ វានាំឲ្យមានខ្យល់បរិយាកាសមិនល្អ ក៏ធ្លាក់យីអ៊ុនដូចគ្នា ហើយបើតាមក្បួនវិទ្យាសាស្រ្តគឺវាប្រមូលផ្តុំបាក់តេរីចូលគ្នាកាន់តែច្រើនលើសដើម។
១) កុំដាក់ចំហៀងផ្ទះ
នៅខាងក្រៅផ្ទះ អាចថាមិនជាប៉ះពាល់អ្វីទេ តែលើកលែងជ្រុងចំហៀងផ្ទះនេះមួយ គឺវាប៉ះពាល់ខ្លាំងណាស់។ ចាប់ពីទ្វារបើកចេញចូលទៅ នៅទិសដៅមុំ ៤៥ ដឺក្រេ អ្នកមិនគួរដាក់អំបោសនៅទីនោះឡើយ ព្រោះវាអាចធ្វើឲ្យទ្រព្យសម្បត្តិក្នុងផ្ទះមានការធ្លាក់ចុះបាន។
សរុបមកអ្នកគួរជៀសទីតាំងទាំង ៥ ហើយសួរថាទីតាំងណាសក្តិសម និងល្អបំផុត ក្នុងការទុកដាក់អំបោស? នោះគឺនៅខាងក្រោយផ្ទះ ឬនៅលើយ៉ ហើយតាមក្បួនហុងស៊ុយវាអាចបញ្ចៀសរឿងអាក្រក់មិនឲ្យចូលផ្ទះបានទៀតផង ប្រសិនអ្នកដាក់ត្រូវទីតាំង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក