រូបមន្ត ៤-៣-២-១ ពិតជាអាចជួយឲ្យស្រ្តីនៅបន្តភាពក្មេងជាងវ័យ ទោះបីជាចូលដល់អាយុ ៥០-៦០ ឆ្នាំហើយក៏ដោយ។ តើអ្វីទៅជារូបមន្ត ៤-៣-២-១ ហើយគេអនុវត្តទៅបែបណាខ្លះ?
៤ យ៉ាងដែលមិនត្រូវបញ្ឈប់
កុំឈប់មើលថែស្បែកខ្លួនឯង
មិនថាមានស្វាមីហើយ ឬការងាររវល់ប៉ុណ្ណាក៏ដោយ បើចង់ស្អាត ចង់ក្មេងជាងវ័យ កុំរំលងឲ្យសោះការមើលថែស្បែកខ្លួនឯង។ មិនថាតែឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងណាមួយ ឬរូបមន្តធម្មជាតិណាមួយ អ្នកត្រូវតែបន្តយកចិត្តទុកដាក់លើផ្នែកស្បែក ព្រោះបើស្បែកសឹករិចរិល ឬស្រអាប់ វាក៏ជាសញ្ញាមួយបង្ហាញច្បាស់ថាក្នុងរាងកាយអ្នកមានជាតិពុលច្រើនដែរ។
កុំឈប់ធ្វើលំហាត់ប្រាណ
ត្រូវមានទម្លាប់ហាត់ប្រាណជាប្រចាំ ទោះមិនបានជាប់លាប់រាល់ថ្ងៃ យ៉ាងហោចណាស់ក៏បាន ៣-៤ ដង/សប្តាហ៍ដែរ ហើយបើបានជាប្រចាំគឺកាន់តែល្អ។ វាមិនត្រឹមតែពាំនាំនូវប្រយោជន៍ដល់សុខភាពនោះទេ ទៀតសោតក៏ជួយឲ្យសាច់ដុំរឹងមាំ កាត់បន្ថយខ្លាញ់ក្បាលពោះ និងជួយឲ្យឥរិយាបថអង្គុយ ឈរ មានភាពល្អជឿជាក់ជាងមុនថែមទៀត។
កុំរំលងអាហារពេលព្រឹក
អាហារពេលព្រឹក ជារបបអាហារដ៏សំខាន់ដែលដែលផ្តល់ថាមពលដល់ពេញពេញមួយថ្ងៃ ដូច្នេះអ្នកមិនគួររំលងវានោះទេ។ ការមិនបរិភោគអាហារពេលព្រឹក នឹងបង្កទៅជាផលវិបាក ឆាប់ឲ្យអ្នកចាស់ជាងវ័យ ស្បែកឡើងស្រអាប់ ឆាប់ទទួលរងនៅជំងឺផ្សេងៗមកកាន់រាងកាយ។
កុំមានភាពទុទិដ្ឋិនិយម
ការដែលមើលឃើញជុំវិញខ្លួនសុទ្ធតែជារឿងអវិជ្ជមានច្រើនពេក យូរទៅជីវិតអ្នកនឹងទទួលរងនូវសម្ពាធ ហើយការស្មុគស្មាញរាប់ភ្លេច។ រៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន ប្រកាន់ខ្ជាប់ការគិតបែបសុទិដ្ឋិនិយម (វិជ្ជមាន) ឲ្យបានច្រើន នោះហើយជាជោគជ័យពិតប្រាកដ។
កុំ ៣ ដែលត្រូវចងចាំ
កុំបរិភោគអាហារប្រៃពេក
ការទទួលទានអាហារប្រៃពេក នឹងនាំឲ្យអ្នកឆាប់ចាស់ ហើយឆាប់មានជំងឺ។ ជាងនេះវាក៏នឹងរំខានដល់ការរំលាយអាហារ ហើយបណ្តាលឲ្យម៉ូលេគុលទឹកនៅទ្រឹងនិងកកកុញ នៅលើផ្ទៃមុខបណ្តាលឲ្យមុខឡើងហើម និងកើតមានមុន។
កុំបរិភោគផ្អែមពេក
ដូចគ្នាទៅនឹងអាហារប្រៃ ផ្អែមពេកក៏មិនល្អដែរ ព្រោះកម្រិតជាតិស្ករខ្លាំងនេះ នឹងនាំឲ្យស្បែកចាស់ជាងវ័យលឿនផងដែរ ហើយក៏ងាយនឹងនាំឲ្យស្បែកឡើងរលាក ក៏ដូចជាកើតមុន ជាពិសេសគឺស្បែកឆាប់ចាស់ និងជ្រីវជ្រួញលឿន។
កុំដាក់កំហិតរបបអាហារខ្លាំងពេក
តឹងរ៉ឹងលើការហូបចុកពេក ដល់ថ្នាក់សូម្បីតែបន្លែ ផ្លែឈើក៏លែងទទួលទាន ទឹកក៏លែងផឹកច្រើនជាងមុន ទាំងអស់ហ្នឹងហើយជាកំហុសទៅវិញទេ។ ចូរកុំគិតអវិជ្ជមានលើចំណុចទាំងអស់ហ្នឹង ជាពិសេសការទទួលទានទឹក បើតិចពេក នឹងងាយឲ្យសក់ជ្រុះ ហើយស្បែកឡើងជាំ។
របស់ ២ ដែលមិនគួរប៉ះ
ឡេលាយ
ឡេលាយ អាចប៉ះពាល់អាយុជីវិតនៅថ្ងៃខាងមុខ មិនត្រឹមតែធ្វើឲ្យស្បែកអ្នកពិបាកព្យាបាលទេ ហើយក៏អាចប្រឈមការកើតជំងឺមហារីកស្បែកទតផង ប្រសិនជាវាខូចខាតធ្ងន់ធ្ងរ។
ថ្នាំសម្រកទម្ងន់
គ្មានអ្វីដែលល្អជាងការហាត់ប្រាណ និងការកំណត់របបអាហារទទួលទានឲ្យបានត្រឹមត្រូវឡើយ សម្រាប់អ្នកចង់ស្រកទម្ងន់។ ការដែលទទួលទានថ្នាំសម្រកទម្ងន់ច្រើនពេក វាមានតែនាំជាតិពុលចូលខ្លួនទៅវិញ។
រឿង ១ ដែលអ្នកមិនគួរភ្លេច
កុំភ្លេចលាបឡេការពារកម្តៅថ្ងៃគ្រប់ពេលដែលចេញទៅខាងក្រៅ ព្រោះកាំរស្មីយូវីអាចមាននៅគ្រប់ទីកន្លែងមិនថាតែពេលមេឃក្តៅខ្លាំង ឬមេឃស្រទំនោះទេ។ ផលប៉ះពាល់នៃកាំរស្មីយូវីមកលើស្បែក គឺធ្វើឲ្យស្បែកឡើងស្រអាប់ និងជ្រីវជ្រួញឆាប់រហ័ស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក