ច្រមុះរបស់អ្នក ជាធម្មតាដកដង្ហើមបានស្រួល មិនជាមានអារម្មណ៍សើមពេក ឬស្ងួតពេកទេ។ ប៉ុន្តែច្រើនដងនៅពេលដែលយើង ជួបខ្យល់ស្ងួតនិងធូលីច្រើន ច្រមុះយើងនឹងចាប់ផ្តើមមានអាការៈស្ងួត រលាក និងពិបាកដកដង្ហើម។ ហើយនៅពេលមានអាការៈនេះកើតឡើង យើងនឹង ចាប់ផ្តើមមានអារម្មណ៍មិនសូវជាស្រណុកប៉ុន្មានទេ។ ដូច្នេះប្រសិនបើអ្នកប្រទះបញ្ហានេះ ចូរសាកនាំយកវិធីខាងក្រោមនេះទៅប្រើ ដើម្បីកាត់បន្ថយរោគសញ្ញា។
១. លាងច្រមុះជាមួយទឹកសេរ៉ូមប្រៃ ឬបាញ់ថ្នាំច្រមុះ
ការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃ នឹងធ្វើឱ្យសាច់ច្រមុះមានសំណើម ដូច្នេះប្រសិនបើច្រមុះរបស់អ្នកស្ងួត ចូលអ្នកសាកល្បងលាងច្រមុះ។ ប៉ុន្តែប្រសិនបើច្រមុះរបស់អ្នកមានអាការៈក្រហាយ ឬរលាក អ្នកត្រូវជ្រើសរើសថ្នាំបាញ់ច្រមុះ ដើម្បីជួយកាត់បន្ថយរោគសញ្ញាក្រហាយច្រមុះ។
២. ប្រើកណាត់សើម ដើម្បីជូតច្រមុះ
ក្រណាត់សើមមានផ្ទុកចំហាយទឹក នឹងជួយបង្កើនសំណើមនៅក្នុងរន្ធច្រមុះ។ ចូរនាំយកទៅជូតច្រមុះពេលមានរោគសញ្ញា ឬអ្នកអាចប្រើជាក្រដាសសើមជំនួសវិញក៏បាន ប៉ុន្តែគួរជ្រើសរើសប្រើក្រដាសសើម មិនមានក្លិនក្រអូបឬជាតិអាល់កុល។
៣. លាបប្រេងចាហួយ (Petroleum Gel)
ឆ្កិះប្រេងចាហួយបន្តិចបន្តួច ហើយលាបស្រាលៗចូលទៅក្នុងរន្ធច្រមុះ ដើម្បីជួយឱ្យច្រមុះមានសំណើម ដកដង្ហើមកាន់តែងាយស្រួល ។ តែក៏មិនគួរលាបវាច្រើន ឬញឹកញាប់ពេកដែរ ព្រោះសារធាតុប្រេងអាចហូរចូលទៅក្នុងសួត បង្កទៅជាហានិភ័យបាន ដូច្នេះអ្នកដែលមានបញ្ហាសួត គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ។
៤. ផឹកទឹកស្អាតឲ្យបានច្រើន
ក្រៅពីលើការបង្កើនសំណើមផ្នែកខាងក្រៅហើយ យើងក៏គួរតែបង្កើនសំណើមដល់រាងកាយដែរ ដោយផឹកទឹកស្អាតឲ្យគ្រប់គ្រាន់ ។ តែបើថ្ងៃណា អ្នកនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ឬខ្យល់ស្ងួតខ្លាំង អ្នកកាន់តែគួរទទួលទានទឹកឲ្យកាន់តែច្រើន ។
៥. បង្កើនសំណើមនៅក្នុងបន្ទប់
អ្នកអាចបង្កើនសំណើម នៅក្នុងបន្ទប់បានយ៉ាងងាយស្រួល ដោយគ្រាន់តែដាក់ម៉ាស៊ីនចំហាយទឹក នៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ ឬបើសិនជាអាច អ្នកគួរជ្រើសរើសឧបករណ៍បំលែងជាតិសំណើម ដោយស្វ័យប្រវត្តិដើម្បីប្រើក៏បាន ៕
ប្រភព៖ Kapook/ Knongsrok