លោក Felix G. Dalmas មិនបានបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាទៀតទេ ដោយសារលោកមានបញ្ហាផ្ទាល់ខ្លួន តែយ៉ាងណា! ក្នុងរយៈពេល២ឆ្នាំនេះលោកបានរួមចំណែកជួយកសាងក្រុមជម្រើសជាតិមួយ និងបំបែកកំណត់ត្រាពិសេសៗមួយចំនួនទៀត។
ក្នុងរយៈពេលតែពីរឆ្នាំមកនេះ លោកនិងក្រុមការងារ បានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយដែលមានសក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាននិងទទួលបានលទ្ធផលមិនគួរឱ្យជឿដូចជា៖
- ការឡើងដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
- ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត)។
- និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។
អ្វីដែលសំខាន់ យុទ្ធសាស្រ្តដឹកនាំរបស់គាត់ បានផ្សាភ្ជាប់ទស្សនៈបាល់ទាត់ និងរបៀបនៃការលេងមួយ ដែលសម្គាល់ថានេះជារបៀបនៃការលេងរបស់កម្ពុជា។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបាននិយាយថា នេះគឺជាអ្វីដែលគាត់មានមោទនភាពបំផុត។
លោកបន្តថា ៖" នៅពេលនេះកម្ពុជាមានមូលដ្ឋានគ្រឹះ និងគន្លងផ្លូវនៃដំណើរការអភិវឌ្ឍក្រុមជម្រើសជាតិយ៉ាងច្បាស់លាស់។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលពួកយើងបានកសាង ហើយខ្ញុំជឿជាក់ថាជាមួយនឹងមូលដ្ឋានគ្រឹះនេះ ការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជានឹងកើតមានឡើងជាច្រើនទៀតនាពេលអនាគត"។
"ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជាជានិច្ចចំពោះទឹកចិត្តដ៏ស្មោះសររបស់អ្នកចំពោះខ្ញុំ។ លើសពីនេះទៅទៀត ក្រៅពីការងារក្រុមជម្រើសជាតិ ខ្ញុំបានរស់នៅនិងធ្វើការជាមួយប្រជាជនកម្ពុជាផ្សេងទៀតជារៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យខ្ញុំមានបទពិសោធន៍យល់ដឹងផ្ទាល់ថាប្រទេសមួយនេះ មានមនុស្សអស្ចារ្យជាច្រើនដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង"។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់អំពីវត្តមានគ្រូបង្វឹកថ្មីថា៖ "ចំពោះការបន្តកិច្ចសន្យាថ្មីក្រុមដឹកនាំថ្មី ដោយមិនមានលោក Felix Dalmas នោះគឺត្រូវបានលោកអគ្គលេខាធិការលើកឡើងថា ប្រហែលជាមានលក្ខខណ្ឌខ្លះៗ ដែលមិនត្រូវគ្នានឹងលោក Honda ដែលយើងមិនដឹងច្បាស់ដែរ។ ដូច្នេះហើយគ្រូបង្គោលថ្មី ដែលនឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាបន្តនោះ គឺគ្រូបង្គោលមួយរូប គឺជាជនជាតិជប៉ុនដែរ ដែលគ្រូបង្គោលរូបនោះកំពុងធ្វើចត្តាឡីស័កបញ្ចប់១៤ថ្ងៃសិន និងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថាតើ គ្រូបង្គោលរូបនោះអាចមកបង្ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានឬអត់"៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក