"លោក Felix Dalmas ជនជាតិអាហ្សង់ទីន ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នៅក្នុងក្រុមដឹកនាំជាមួយលោក Honda កាលពីពេលកន្លងទៅនោះ មិនបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទៀតទេ» នេះគឺជាសម្ដីរបស់លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិយាយអំពីការបន្តកុងត្រាថ្មីរបស់លោក Keisuke Honda ក្នុងនាមជាអ្នកចាត់ជម្រើសជាតិកម្ពុជា។
អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបន្តថា៖ «ខ្ញុំអាចឆ្លើយបានថា យើងយកលោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល មានន័យថា យើងបន្តកុងត្រាថ្មី ដោយលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ"។
"ចំពោះការបន្តកិច្ចសន្យាថ្មីក្រុមដឹកនាំថ្មី ដោយមិនមានលោក Felix Dalmas នោះគឺត្រូវបានលោកអគ្គលេខាធិការលើកឡើងថា ប្រហែលជាមានលក្ខខណ្ឌខ្លះៗ ដែលមិនត្រូវគ្នានឹងលោក Honda ដែលយើងមិនដឹងច្បាស់ដែរ។ ដូច្នេះហើយគ្រូបង្គោលថ្មី ដែលនឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាបន្តនោះ គឺគ្រូបង្គោលមួយរូប គឺជាជនជាតិជប៉ុនដែរ ដែលគ្រូបង្គោលរូបនោះកំពុងធ្វើចត្តាឡីស័កបញ្ចប់១៤ថ្ងៃសិន និងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថាតើ គ្រូបង្គោលរូបនោះអាចមកបង្ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានឬអត់"។
លោក កែវ សារ៉េត សង្កត់ធ្ងន់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏រង់ចាំគ្រូបង្វឹកជនជាតិជប៉ុនរូបនោះចេញផុតពីការធ្វើចត្តាឡីស័កសិន ទើបយើងអាចជជែកពីភាពលម្អិតនៃការងារបន្តបន្ទាប់បាន ហើយក៏អាចជជែកពីកិច្ចការ ដែលគ្រូបង្វឹកចង់ចុះពិនិត្យមើលការប្រកួតនៅកម្ពុជា ក៏ដូចជាគោលបំណងនៃរៀបចំក្រុមកម្ពុជាឡើងវិញ។
លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas ជាគ្រូបង្គោលបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ហើយបានផុតកំណត់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក