មកដល់ពេលនេះកៅអីប្រមាណ ១២០០០ ត្រូវបានបំពាក់រួចរាល់ និងនៅសល់ ៤០០០០កៅអីទៀតដែលគ្រោងនឹងបញ្ចប់ការបំពាក់នេះនៅខែមេសាខាងមុខ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ២០២៣ បានប្រាប់ ទូរទស្សន៍ BTV News ។
ទោះបីជាជំងឺរាតត្បាតសកលកូវីដ-១៩ នៅតែបន្តចោទជាបញ្ហា ការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោនៅតែដំណើរការតាមការគ្រោង ដោយក្រុមការងារទាំងអស់គោរពតាមវិធានសុខាភិបាល។ ប្រភពដដែលបានបន្តថា ការងារដាំស្មៅបានបញ្ចប់រួចរាល់ហើយ ឥឡូវនេះស្មៅធម្មជាតិចាប់ផ្ដើមដុះបណ្ដើរៗហើយ។
កីឡដ្ឋានធំ (Main Stadium) ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាអំណោយដ៏ថ្លៃថ្លាជូនចំពោះប្រជាជនកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងទឹកប្រាក់ប្រមាណ ១៥៧លានដុល្លារអាមេរិក។
កីឡដ្ឋានធំ "Main Stadium" សាងសង់លើផ្ទៃដីទំហំ ១៦.៤ហិកតា ចំណុះទស្សនិកជនសរុប ៦០,០០០នាក់ (៥៥,០០០នាក់កៅអីផ្លូវការ និងកៅអីបំរុង ៥,០០០នាក់) ប្រើប្រាស់ជាទីលានប្រកួតកីឡាបាល់ទាត់ កីឡាបាល់ឱប និងកីឡាអត្តពលកម្ម។ ក្នុងអគារកីឡដ្ឋានធំមានរៀបចំ តាមទស្សនាទានហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើបដូចជា៖ មានសណ្ឋាគារចំនួន ៣៤បន្ទប់ ហាងលក់ទំនិញ សំលៀកបំពាក់ ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ កន្លែងកម្សាន្តកុមារ និងសាលហាត់កីឡាមួយចំនួនក្រោមអគារធំ។
លក្ខណៈពិសេសរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពជាច្រើនដែលអាចរំដោះមនុស្ស ៦០,០០០នាក់ក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ ហើយបើតាមគម្រោងការងារសាងសង់កីឡដ្ឋានធំនេះ នឹងបញ្ចប់នៅខែឧសភា៕
រូបភាព៖ ព័ត៌មានអចលទ្រព្យកម្ពុជា
ប្រភព៖ BTV News
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក