គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin Tae-yong បង្ហាញភាពធុញទ្រាន់នៅពេលដែលលោកត្រូវបានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ស្នើឱ្យត្រលប់ទៅប្រទេសឥណ្ឌូនេស៊ី ស្របពេលករណីឆ្លង COVID-19 នៅឥណ្ឌូនេស៊ីបានកើនឡើងមិនឈប់ឈរ។
ពេលនេះក្នុងប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩ មួយថ្ងៃ១០០០ករណី ហើយលោក Shin Tae-yong មានការព្រួយបារម្ភ និងភ័យខ្លាចក្នុងការវិលត្រឡប់មកដឹកនាំជម្រើសជាតិ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក News Joins ថា៖
“ ទោះយ៉ាងណាសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី(PSSI)បានប្រាប់គ្រូបង្វឹកឲ្យវិលត្រឡប់មកវិញ និងចាប់ផ្តើមហ្វឹកហាត់” ។
គ្រូបង្វឹករូបនេះបាននិយាយថា គាត់នឹងវិលត្រឡប់ទៅឥណ្ឌូនេស៊ីនៅខែកញ្ញាហើយនៅពេលនោះគាត់នឹងប្រមូលផ្តុំកីឡាករឡើងវិញហើយចាប់ផ្តើមកម្មវិធីហ្វឹកហាត់ជាមួយនឹងការវាយតម្លៃរយៈពេល ៦ សប្តាហ៍។ លោក Shin បានពន្យល់ថាកាលពីពាក់កណ្តាលខែមុនការហ្វឹកហាត់ ពិតជាបានចាប់ផ្តើមរាល់ថ្ងៃ តាមរយៈវីដេអូជាមួយកីឡាករ៤០នាក់ក្នុងក្រុមជម្រើសជាតិ U-19 ហើយលោកក៏បានបង្ហាញផងដែរថាផែនទីបង្ហាញផ្លូវថ្មីនឹងត្រូវបញ្ចប់នៅខែឧសភាឆ្នាំ ២០២១ ។
គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះ ពិតជាមានបំណងបន្តការហ្វឹកហាត់ដោយផ្ទាល់នៅប្រទេសកូរ៉េខាងត្បូង ឬប្រទេសផ្សេងៗទៀតដោយចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា។ ទោះយ៉ាងណាប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី PSSI លោក Mochamad Iriawan បានបញ្ជាក់ថាការហ្វឹកហាត់របស់ក្រុម Garuda នឹងត្រូវធ្វើឡើងនៅឥណ្ឌូណេស៊ីដោយគ្មាន ច្បាប់អនុញ្ញាតិឲ្យហាត់នៅបរទេសឡើយ។
លោក Shin Tae-yong សង្ឃឹមថា PSSI នឹងផ្តល់ការគាំទ្រដល់រាល់កម្មវិធីដែលគាត់បានរៀបចំ ទន្ទឹមនឹងចក្ខុវិស័យរបស់គាត់ក្នុងនាមជាគ្រូបង្វឹកតែម្នាក់ឯង ដើម្បីឱ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង។
អតីតកីឡាករ Seongnam FC រូបនេះ បានសារភាពថាអាកប្បកិរិយារបស់គាត់លែងដូចពេលដែលគាត់ចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីកាលពីដំបូងៗហើយ។ ដំបូងឡើយគាត់ព្យាយាមធ្វើអ្វីគ្រប់យ៉ាង។ ឥលូវនេះវាមិនដូចមុនទៀតទេ។ លោកបាននិយាយថា៖ "ខ្ញុំមិនចង់និយាយច្រើនពេកទេ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីផ្ដោតលើសកម្មភាពបាល់ទាត់ហួសសមត្ថភាព។ ចង់បានលទ្ឌធផលល្អ យើងចាំបាច់រួបរួមគ្នាហើយធ្វើវាមួយជំហានម្ដង មួយជំហានម្ដង"៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក