កីឡាការិនីប្រដាល់អូស្ត្រាលីនាង Alma Junika ត្រូវឡើងសង្វៀន ONE Championship ដើម្បីសាកសមត្ថភាពជាមួយម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក Janet Dodd នៅព្រឹត្តិការណ៍ ONE: Fists of Fury III។
មុនជំនួបនារីស្រស់សោភាជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោកនាថ្ងៃសុក្រ ទី១៩ ខែមីនា ចុងសប្តាហ៍នេះពីកីឡដ្ឋាន Singapore Indoor Stadium ឈានជើងចូលមក យើងខ្ញុំសូមបង្ហាញប្រវត្តិខ្លះៗរបស់កីឡាការីអូស្ត្រាលី។
ក្រឡេកមើលរូបភាពជាច្រើននៅលើគណនី Instagram របស់នាងបង្ហាញឲ្យឃើញពីរូបភាពស្រស់ស្អាត និងស៊ិចស៊ីគួរឲ្យទាក់ទាញដែលស័ក្តិសមជាតារាបង្ហាញម៉ូដ ឬក៏តារាសម្តែងជាដើម។ប៉ុន្តែបើតាមដានពីប្រវត្តិរូបវិញទើបដឹងថា Alma Junika កីឡាការិនីប្រដាល់សេរីដ៏ឆ្នើមម្នាក់។
នាងកើតនៅទីក្រុងឡូហ្គេត រដ្ឋប្រីសបេន ប្រទេសអូស្ត្រាលី។ ឪពុកម្តាយរបស់នាងមានប្រភពដើមពីបាល់បានី និងកូសូវ៉ូ ប៉ុន្តែពួកគាត់អន្តោប្រវេសទៅប្រទេសអូស្ត្រាលីដើម្បីស្វែងរកទីជម្រកថ្មី មុនពេលនាងបានកើតមក។
ដើមឡើយនាងចាប់អារម្មណ៍នឹងកីឡាបាល់ទាត់ទេ ប៉ុន្តែក្រោយមកគេណែនាំនាងឲ្យហាត់ប្រដាល់មួយថៃនៅពេលនាងអាយុទើប៨ឆ្នាំ ហើយក៏ចាប់ចិត្តស្រឡាញ់ខ្លាំងពីពេលនោះតែម្តង។ នៅទឹកដីអូស្ត្រាលី នាងបានក្លាយជាការិនីប្រដាល់មួយថៃឆ្នើមម្នាក់ និងបានឈ្នះជើងឯកថ្នាក់ជាតិកម្រិតយុវជនជាច្រើនលើក។
បន្ទាប់មក នាងបានចាប់យកជំនាញប្រដាល់មួយថៃជាអាជីព។ នាងបានឈ្នះខ្សែក្រវាត់អូស្ត្រាលី WMC និងបន្តឈ្នះខ្សែក្រវាត់មួយថៃពិភពលោកកម្រិត WBC និង IPCC ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែ ក្រោយពេលនាងឈានដល់អាយុ១៨ឆ្នាំ។
ក្រោយមក Alma Junika បានបោះជំហានចូលស្ថាប័នពិភពលោក ONE Championship និងបានប្រកួតដំបូងជាមួយកីឡាការិនី Stamp Fairtex ដើម្បីដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកប៉ុន្តែបន្ទាប់ពីតស៊ូ៥ទឹកពេញ នាងបានចាញ់ពិន្ទ។
ពេលនេះកីឡាការិនីអូស្ត្រាលីដ៏ស្រស់ស្អាតទទួលបានឱកាសសាកសមត្ថភាពជាមួយកីឡាការិនីអាមេរិក Janet Dodd ដែលជាអ្នកដណ្តើមយកខ្សែក្រវាត់ឃីកបុកសីងពិភពលោកបានសម្រេចពីStamp Fairtex កាលពីឆ្នាំ២០២០។
សម្រាប់ការប្រកួតនៅថ្ងៃសុក្រ ទី១៩នេះ ទាំងនាង Alma Junika និង Janet Dodd ក្នុងជំនួបមិត្តភាព ប៉ុន្តែអ្នកទាំងពីរដាក់គោលយកខ្សែក្រវាត់មួយថៃពិភពលោកដែល Stamp Fairtex បានរបូតពីខ្លួនធ្លាក់ទៅជើងខ្លាំងប្រេស៊ីល Allycia Rodigue។ដូច្នេះអ្នកឈ្នះអាចនឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកពីកីឡាការិនីប្រេស៊ីល Allycia Rodigue៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក