គំនិតពិចារណា! ចូរធ្វើជាមនុស្សដែលមានគំនិតជាសមុទ្រ កុំកំណត់គំនិតដូចកែវ ឬពាងឱ្យសោះ

ខួរក្បាលកែវ

កែវជាឧបករណ៍សម្រាប់ដាក់ទឹកផឹក កែវមានទំហំតូចផ្ទុកចំណុះទឹកបានតិច បើយើងដងទឹកមួយផ្តិលទៅ ចាក់ក្នុងកែវ យើងចាក់បានបន្តិចកែវនោះនឹងពេញហូរហៀរ។

ដូច្នេះមនុស្សដែលមានខួរក្បាលប្រៀបដូចកែវតែងតែទទួលចំណេះដឹងបានតិចតួចណាស់ គាត់តែងនិយាយថាខ្លួនចេះសព្វ ខ្លួនចេះគ្រប់ហើយ... មិនចាំបាច់រៀនសូត្រ អ្វីទៀតឡើយ...។

Water Pinkomelet 1024x640

ខួរក្បាលពាង

ពាងជាឧបករណ៍សម្រាប់ដាក់ទឹកប្រើប្រាស់ ហើយពាងមានទំហំធំគួរសមអាចផ្ទុកចំណុះទឹកបានច្រើនល្មម បើយើងដងទឹកពីអណ្តូងទៅចាក់ក្នុងពាងយើងចាក់មិនច្រើនណាស់ណាទេ ពាងនោះនឹងពេញហៀរហូរ។

យ៉ាងណាមិញមនុស្សដែលមានខួរក្បាលប្រៀបដូចពាង តែងតែទទួលចំណេះដឹងបានច្រើនល្មមគួរសមតែមិនណាស់ណាទេ។

Dweel__5_

ខួរក្បាលសមុទ្រ

សមុទ្រជាទ្រព្យសម្បត្តិធម្មជាតិមួយដ៏ធំដែលយើងអាចយកមកធ្វើជាគំរូ ឬគួរយកមករៀនសូត្រតាមបាន ព្រោះសមុទ្រវាព្រមទទួលទឹកមកពីគ្រប់ប្រភព និងគ្រប់ប្រភេទទាំងអស់មិនថាថ្លា ឬល្អក់ កខ្វក់  ឬកករ ល្អ ឬអាក្រក់នោះទេ។ ហើយសមុទ្រក៏ទទួលទឹកគ្មានកំណត់ដែរ ទោះទឹកមានចំណុះប៉ុន្មានលីត្រ ប៉ុន្មានម៉ែត្រគូបក៏ដោយ គឺសមុទ្រដាក់បានទាំងអស់។

សមុទ្រមិនត្រឹមតែទទួលទឹកមិនថាល្អអាក្រក់ ល្អក់ កខ្វក់ កករប៉ុណ្ណោះទេ វាថែមទាំង អាចទទួលគ្រប់វត្ថុទាំងអស់មិនថាតូចមិនថាធំនោះឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ សមុទ្រនឹងជួយស្រង់សំរាម យកទៅដាក់លើគោកដោយខ្លួនឯងផងដែរ។ ហើយគុណសម្បត្តិនៃសមុទ្រមួយទៀតនោះ គឺវាជាទីជម្រកដ៏ធំ ដ៏សុខសាន្តសម្រាប់ពពួកមច្ឆាផ្សេងៗច្រើនប្រភេទទៀតផង។

Sea

គំនិតពិចារណា

ចូរកុំធ្វើខ្លួនដូចជា កែវ ឬពាង ព្រោះកែវ និងពាងវាអាចដាក់ទឹកបានតិចណាស់ វានឹងឆាប់ពេញណាស់។ បន្ទាប់ពីវាចេញហើយនោះយើងនឹងមិនអាចចាក់ទឹកអោយទឹកស្តុកនៅក្នុងកែវនោះបានទៀតទេ ព្រោះបើទោះបីជាខំចាក់ក៏វាហៀរចេញដដែល។

វាមិនខុសពីការសិក្សារៀនសូត្រ ឬការរស់នៅរបស់មនុស្សម្នាក់ៗឡើយ ប្រសិនបើយើងមិនបើកគំនិតអោយធំទូលាយដើម្បីទទូលយកមតិយោបល់ ឬគំនិត ចំណេះដឹងពីអ្នកដទៃ រៀនសូត្រពីមជ្ឍដ្ឋានឬបរិស្ថានដែលនៅជុំវិញខ្លួនទេនោះ យើងនឹងមិនអាចពង្រីកនូវចំណេះដឹងរបស់យើងអោយធំតទៅទៀតបានឡើយ។

ឧទាហរណ៍ថា៖ បើយើងពីមុនមកយើងមានគំនិតត្រឹមតែ១០ ពេលនេះគឺយើងនៅតែមាន១០ដដែល។ ប៉ុន្តែប្រសិនបើយើងធ្វើជាមនុស្សដែលបើកគំនិតអោយធំទូលាយ ព្រមទទួលយកគំនិតមតិយោបល់ចំណេះដឹងពីអ្នក ដទៃវិញនោះទើបជាការប្រសើរបំផុតសម្រាប់ជីវិតរស់នៅដែលខ្លួនយើងមានចំណេះដឹងកាន់តែច្រើន។

Sea (1)

តែត្រូវចេះជ្រើសរើសយកតែចំណុចណាដែលល្អៗ តែប៉ុណ្ណោះសម្រាប់យកធ្វើជាគំរូឬរៀនសូត្រតាមតែចំណុច ណាមិនល្អគឺត្រូវទុកធ្វើជាមេរៀនសម្រាប់ដាស់តឿនជីវិតរបស់យើងវិញ គឺធ្វើអោយដូចជាសមុទ្រដែលព្រមទទួលយក ទឹកពីគ្រប់ទិសទី គ្រប់ប្រភព គ្រប់ប្រភេទ ទាំងអស់ ហើយបំលែងទឹកទាំងអស់នោះអោយទៅជាមានរសជាតិប្រៃទាំងអស់វិញដែរ ចំណែកសំរាមដែលគ្មានប្រយោជន៍វិញ គឺសមុទ្របានបោកបក់ច្រានទៅដាក់នៅលើច្រាំងទាំងអស់វិញដូច្នោះដែរ។

ធ្វើដូចនេះយើងនឹងច្បាស់ជា អាចទទួលបានគំនិតល្អ ចំណេះដឹងកាន់តែធំ កាន់តែច្រើនសម្រាប់ដាក់នៅក្នុងខ្លួនរបស់យើង ហើយនេះទើបសមនឹងហៅថាជាមនុស្សមានគតិបណ្ឌិត ព្រោះចេះបើកគំនិត។

កែវទទេ និងកែវដែលមានទឹកពេញ

Water Hydrated

កែវទទេជាកែវដែលរង់ចាំទទួលទឹកពីខាងក្រៅ វារង់ចាំទឹកជានិច្ច ប្រៀបដូចជាមនុស្សដែលបើកគំនិតរង់ចាំទទួលចំណេះដឹងពីអ្នកដទៃដូច្នោះដែរ។ កែវដែលមានទឹកពេញវាមិនអាចទទួលទឹកបានទៀតទេ បើយើងចាក់បន្ថែមទៀតនោះវានឹងហៀរ។

បើសិនជាយើងតែងតែគិតថាខ្លួនឯងមានអ្វីៗគ្រប់បែបយ៉ាងអស់ហើយ នោះមនុស្សបែបនេះនឹងមិនខំស្វះស្វែងរកចំណេះដឹង ឬអ្វីទាំងអស់ដែលមាននៅខាងក្រៅឬពីអ្នកដទៃទៀតឡើយ។ ចូរកុំធ្វើខ្លួនដូចជាមនុស្សខ្លាំងតែម្នាក់ឯង ត្រូវគិតថានៅមានអ្នកផ្សេងទៀតដែលពូកែជាងយើង ហើយជាអ្នកដែលយើងគួរយកធ្វើជាគ្រូ។

ពាក្យចាស់លោកថា “ចេះឯងអោយក្រែងចេះគេ” និង “ភ្នំមួយខ្ពស់នៅមានភ្នំមូយខ្ពស់ជាង”។ មនុស្សឆ្លាតគេតែងតែយកអ្នកដេលនៅជុំវិញខ្លួនធ្វើជាគ្រូរបស់គេទាំងអស់ ព្រោះអ្នកដទៃអាចបង្រៀនគេបានទាំងអស់។ បើយើងមិនព្រមរៀនតាមមនុស្សដែលនៅជុំវិញខ្លួននោះទេ យើងមិនអាចមានគំនិតថ្មីទេ។

អ្នកណាល្អយើងត្រូវរៀនសូត្រតាម អ្នកណាដែលមិនល្អយើងគួរចងចាំយកធ្វើជាមេរៀន។ រៀនកុំគិតថាចេះហើយ!

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក