ដំណើរនៃជីវិត ពីមួយដំណាក់កាលទៅមួយដំណាក់កាល មានភាពប្រែប្រួល ផ្លាស់ប្ដូរគ្រប់ពេលវេលា របត់នៃជីវិត ក៏ត្រូវតែបត់បែនតាមទិដ្ឋភាពជាក់ស្ដែងដែលបានកើតឡើង ... អាយុកាន់តែច្រើន ដឹងថា បញ្ហាក៏កើនឡើងជាបន្តបន្ទាប់ កើនរឿងស្មុគស្មាញ កើនរឿងត្រូវគិត ក៏កើនគំនិតដើម្បីដោះស្រាយជាមួយនឹងបញ្ហាដែលនៅចំពោះមុខ គ្រប់យ៉ាង នៅលើខ្លួនឯងហើយ ថាអាចគ្រប់គ្រងក្ដោបក្ដាប់ ប្រឈមមុខ និងជម្នះស្ថានភាពដែលលំបាកៗបានដែរឬទេ?
- អាចជាវ័យកំពុងពេញចង់សប្បាយ តែការសប្បាយនឹងអាចក្លាយជាទុក្ខ បើមិនចេះប្រយ័ត្ន។
- ពីពេលនេះទៅ អ្នកនឹងត្រូវជួបប្រទះរឿងរ៉ាវជាបន្តបន្ទាប់ ហើយវានឹងក្លាយជាមេរៀនដ៏ល្អសម្រាប់អ្នក ជាពិសេសគឺ កំហុសដែលយើងបានសាងឡើង។
- ចាប់ផ្ដើមត្រូវជួបស្នេហាមួយឆាវ ការស្រឡាញ់តាមតែអារម្មណ៍ និងមិត្តភក្តិមួយចំនួន ល្អតែពីមុខចាក់រុកក្រោយខ្នង នេះជាបទពិសោធន៍ដ៏ល្អ សម្រាប់ឱ្យយើងចេះមើលមនុស្សទៅថ្ងៃក្រោយ។
- ចេះឈឺ ចេះចាំ ចេះរៀង ចេះកែប្រែ រឹតតែចេះដុសខាត់ខ្លួនឯងឱ្យបានប្រសើរឡើងវិញ។
- ដល់វ័យ ២៥+ ស្នេហាវាមិនអាចដឹកមុខអ្នកបានទៀតទេ ហើយបើពេលមាននរណាម្នាក់ដែលស្រឡាញ់អ្នក តែអ្នកមិនស្រឡាញ់គេ អ្នកក៏បានត្រឹមតែនិយាយពាក្យថា #អរគុណសម្រាប់ទឹកចិត្ត ។
- ជីវិតឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងណា អ្នកក៏នឹងកាន់តែលែងចង់ពឹងអ្នកដទៃ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ ប្រឹងប្រែងដោយខ្លួនឯង ទ្រឹស្តីមួយនឹងប្រចាំក្នុងចិត្តអ្នក #ខ្លួនទីពឹងខ្លួន។
- អ្នកនឹងលែងមានពេលខឹង ឬអន់ចិត្តជាមួយអ្នកណា ព្រោះពេលវេលាដែលអ្នកមាន គឺត្រូវប្រើដើម្បីជីវិតមួយនេះតែប៉ុណ្ណោះ និងដើម្បីមនុស្សដែលអ្នកស្រឡាញ់ រឿងផ្សេងៗវាលែងមានន័យ ឬធ្វើឱ្យប៉ះទង្គិចចិត្តទៀតហើយ។
- អាយុកាន់តែកើន ស្គាល់មនុស្សកាន់តែច្រើន អ្នកនឹងដឹងថា គ្មានអ្នកណាស្រឡាញ់ អាចមើលថែ និងជួយខ្លួនឯងបាន ក្រៅពីខ្លួនឯងនោះឡើយ។
- វ័យមួយនេះ អ្នកក៏ដឹងច្បាស់ថា សុខភាព និងគ្រួសារ គឺសំខាន់ជាងលុយ និងការងារ តែយើងក៏នៅតែធ្វើខុស ដែលចំណាយពេលស្ទើរតែទាំងអស់ដើម្បីធ្វើការ រកលុយ មនមានសូម្បីតែពេលឱ្យក្រុមគ្រួសារ និងមើលថែសុខភាពខ្លួនឯង។
- លុយសំខាន់ដល់សុខភាពទេ តែពេលដែលគ្មានលុយ ខ្លួនឯងក៏ដូចជាចង់ឈឺ ចេះតែមិនស្រួល នៅក៏មិនសុខ ពិបាកដូចមនុស្សមានរោគប្រចាំកាយអ៊ីចឹង។
ចាប់ពីវ័យនេះទៅ អ្នកត្រូវដឹង និងទទួលស្គាល់ថាគ្រប់ពេលដែលជីវិតជួបបញ្ហា ចង់ឱ្យខ្លួនឯងបញ្ចប់ទៅជាមួយនឹងបញ្ហាត្រឹមនេះ ឬចង់ឱ្យជីវិតមួយនេះឆ្ពោះទៅមុខ ទៅជួបស្ថានភាពដែលល្អប្រសើរ គឺទៅរកទិដ្ឋភាពមួយដែលខ្លួនធ្លាប់ស្រមៃ គឺសោយសុខជាមួយនឹងគ្រប់យ៉ាងដែលខ្លួនឯងចង់បាន? បើចង់ឱ្យខ្លួនឯងសមបំណង បើចង់ឃើញខ្លួនឯងឈរត្រង់ចំណុចមួយដែលល្អប្រសើរ ត្រូវតែជម្នះស្ថានភាពដែលលំបាកនេះទៅឱ្យបាន ...!!! ត្រូវចាំថា ជំហាននៃជីវិតដែលដើរទៅមុខ គឺត្រូវតែល្អប្រសើរ និងមានក្ដីសុខជាងជីវិតពេលដែលកន្លង ...!!!៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ