រដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិកលោក Alex Alzar បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា ប្រសិនណាក្រុមហ៊ុនឱសថ Pfizer Inc អាចបញ្ជូនវ៉ាក់សាំងដែលខ្លួនកំពុងអភិវឌ្ឍ ឲ្យនិយតករសុខភាពប្រចាំផ្ទៃប្រទេសធ្វើការត្រួតពិនិត្យបានលឿនដូចការរំពឹងទុក នោះរដ្ឋាភិបាលក៏រំពឹងដូចគ្នាថាអាចនឹងចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺ COVID-19 ទៅកាន់ពលរដ្ឋអាមេរិកចាប់ពីខែធ្នូចុងឆ្នាំនេះតទៅហើយ។
គិតត្រឹមល្ងាចថ្ងៃទី ១១ វិច្ឆិកា នៅសហរដ្ឋអាមេរិក មានករណីអ្នកផ្ទុកជំងឺ COVID-19 ឡើងដល់ ១០ ៥៦៨ ៧១៤ ករណី ដោយក្នុងនោះតួលេខអ្នកបាត់បង់ជីវិតកើនដល់ ២៤៥ ៩៤៣ នាក់ហើយ។
ដោយឡែកចំពោះក្រុមហ៊ុនឱសថ Pfizer ដែលចាប់ដៃសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech SE បានប្រកាសពីប្រសិទ្ធភាព ៩០ ភាគរយនៃការអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនកាលពីពេលកន្លងទៅ ហើយត្រៀមនឹងបញ្ជូនទៅរដ្ឋបាលផ្នែកចំណីអាហារនិងឱសថ U.S. Food and Drug Administration ឲ្យធ្វើការត្រួតពិនិត្យ មុនទទួលបានអាជ្ញាប័ណ្ណដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
បើតាមការបញ្ជាក់ប្រាប់សារព័ត៌មាន CNBC រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Alzar បានបង្ហើបឲ្យដឹងថា នៅដំណាក់កាលដំបូងក្រុមហ៊ុន Pfizer គ្រោងនឹងបញ្ចេញវ៉ាក់សាំងការពារជំងឺ COVID-19 ចំនួន ២០ លានដូស។ ស្របពេលក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុន Pfizer គឺគ្រោងបញ្ចេញ ១០០ លានដូស ដោយចំណាយកញ្ចប់ទឹកប្រាក់ ២ ពាន់លានដុល្លារ។
ចំពោះការប្រើប្រាស់លោក Alzer សង្កត់ធ្ងន់ថា នឹងផ្តល់ជូនដល់ជនចាស់ជរា នៅតាមមណ្ឌលសុខភាពនានាជាមុនសិន ហើយនៅដំណាក់កាលបន្ទាប់ប្រសិនទទួលបានការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗទៀត នោះលោករំពឹងនឹងអាចផ្តល់ជូនគ្រប់គ្រាន់សម្រាប់ពលរដ្ឋអាមេរិកទាំងអស់ដែលត្រូវការត្រឹមចុងខែមិនា ឬដើមខែមេសា ឆ្នាំ ២០២១៕
ប្រភព៖ Swissinfo.ch