ជារបត់មួយក្នុងសង្គមយើងបច្ចប្បន្ននេះ ឃើញថាស្ថានភាពនៃជីវិតរបស់ប្រជាពលរដ្ឋយើងគឺហាក់មានគម្លាតឃ្លាតឆ្ងាយពីគ្នា ឬហៅថាខុសគ្នាឆ្ងាយណាស់។ តួយ៉ាងសូម្បីតែការយកកូនក៏មានលក្ខណៈខុសគ្នាផងដែរ។ សូមអធ្យាស្រ័យ នេះមិនមែនជាការប្រៀបធៀបដើម្បីបកស្រាយដោយចេតនាអាក្រក់នោះទេ ប៉ុន្តែជាក់ស្ដែង គឺយើងមើលលើស្ថានភាពពិតរបស់មនុស្សយើងគឺហាក់មានការគិត និងយល់ខុសពីគ្នាខ្លាំង ជាពិេសសគឺ ចំពោះអ្នកមានជីវិតក្រលំបាក និងអ្នកមានទ្រព្យជាមធ្យម ឬស្ដុកស្ដម្ភ។
ដូច្នេះហើយ នេះជាការយល់ឃើញ តាមរយៈការសង្កេតរបស់ក្រុមការងារ ក៏ចង់លើកឡើងយកមកពិចារណា ដើម្បីជាការយល់ដឹងមួយផ្នែកសម្រាប់ជីវិត និងការបន្តពូជកូនចៅរបស់យើង។
ដូចដែលបានឃើញកន្លងមក អ្នកដែលមានជីវភាពធូរធារ សមរម្យ ឬស្ដុកស្ដម្ភ ពួកគាត់មានកូនមិនលើសពី៤នាក់នោះឡើយ អ្នកខ្លះ មានកូនត្រឹមតែ២នាក់អីតែប៉ុណ្ណោះ ទាំងដែលកូនមានលទ្ធភាពអាចចិញ្ចឹមបីបាច់ថែរក្សា ផ្ចង់ផ្ដើមទំនុកបម្រុងលើជីវិតកូនៗបានដល់ទៅ១០នាក់ ក៏គាត់មិនខ្វះសមត្ថភាពនឹងចិញ្ចឹមដែរ។ ប៉ុន្តែផ្ទុយទៅវិញ សម្រាប់បងប្អូនដែលនៅតាមជនបទ ដាច់ស្រយាល ឬមានជីវិតក្រលំបាក អ្នកខ្លះរកតែអង្ករច្រកឆ្នាំងមិនទាំងបានផង បែរជាពួកគាត់ហ៊ានយកកូនច្រើន យ៉ាងតិចបំផុតក៏៥នាក់ឡើងទៅដែរ ទាំងដែលគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូន មើលថែទាំកូនឱ្យបានដិតដល់ឡើយ។ សួរថាតើវាមកពីកត្តាអ្វី ដែលធ្វើឱ្យប្រជាជនបែរជាយល់ឃើញ និងអាចបង្កើតនូវបញ្ហានេះបាន?
១. ចំពោះឪពុកម្ដាយក្រីក្រលំបាក ជីវិតភាពខ្វះខាតមុខក្រោយ បែរជាបណ្ដោយឱ្យខ្លួនមានកូនច្រើនទៅៗ អាចមកពី ៖
- ខ្វះការយល់ដឹងផ្នែកបន្តពូជ ឬការបង្កើតកូន។
- អាចថាមកពីពួកគាត់ទំនេរនៅតែផ្ទះ ទើបមិនមានកិច្ចការអ្វីធ្វើផ្សេងក្រៅតែពីការបង្កើតកូន។
- មួយផ្នែក គាត់អាចនឹងគិតថា មានកូនច្រើន ស្រួលឱ្យកូនរកស៊ីចិញ្ចឹម ឬពេលកូនធំឡើង កូនច្រើនមិនលំបាក។
- មួយផ្នែកគិតតែរឿងសប្បាយមួយពេល មិនគិតពីលទ្ធផលលំបាកពេលក្រោយ ...។
២. ចំពោះឪពុកម្ដាយដែលមានធូរធារ ឬមានជីវិតស្ដុកស្ដម្ភ បែរជាមិនចង់បានកូនច្រើន អាចមកពី ៖
- គាត់រវល់មមាញឹកតែជាមួយនឹងការងារ ទើបមិនមានពេលខ្វាយខ្វល់នឹងរឿងបន្តពូជ។
- គាត់ទទួលបានការយល់ដឹង និងអប់រំល្អក្នុងរឿងនេះ ដើម្បីគិតគូរដល់សុខភាពមាតា និងទារក។
- គាត់គាត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ខ្លួនគាត់ជាឪពុកម្ដាយហើយ ដូច្នេះតួនាទីរបស់គាត់គឺ មើលថែទាំកូនៗឱ្យបានល្អ នោះគេនឹងបានល្អ មិនបាច់ឱ្យកូនៗរកស៊ីចិញ្ចឹមឡើយ ...។
ចុះសម្រាប់អ្នកទាំងអស់គ្នា តើយល់ឃើញយ៉ាងណាដែរ ចំពោះបញ្ហាមួយនេះ?
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ