គេថា រាប់អានមិត្តកុំគិតតែពីផលប្រយោជន៍ តែមិត្តខ្លះអត់ប្រយោជន៍ហើយ នាំតែបញ្ហាសាងគ្រោះឱ្យយើងទៀត ក៏មិនដឹងថា នៅបន្តរាប់អានដើម្បីអ្វីនោះដែរ។ ដូច្នេះ ៣ចំណុចខាងក្រោមនេះ ប្រសិនបើមិត្តដែលអ្នកកំពុងតែរាប់អាន មានលេចចេញសញ្ញាទាំង៣នេះហើយ អ្នកក៏មិនគួរបន្តទំនាក់ទំនងទៀតដែរ បញ្ឈប់ឱ្យហើយ ក៏ជាការល្អ។
១. ខ្ចីលុយមិនដែលសង
មិត្តមួយប្រភេទដែល តែងតែខ្ចីលុយមិនដែលសង និយាយថាខ្ចី តែមិនដែលនឹកនា ដឹងថាជំពាក់យើងទេ ចូលចិត្តតែធ្វើមិនដឹងមិនឮ មនុស្សប្រភេទនេះ រាប់អានកាន់តែយូរ កាន់តែខាតតែប៉ុណ្ណោះ។ បន្ថែមពីនេះ មនុស្សបែបហ្នឹង មិនខ្វល់ ក៏មិនគិតពីរឿងកិត្តិយសអ្វីនោះដែរ។ ផ្ទុយទៅវិញប្រភេទមនុស្សដែលមានភាពលោភលន់គ្មានទីបញ្ចប់ ហើយពួកគេក៏នៅតែមានចរិតបែបនេះ ខ្ចីបាត់ៗ ព្រោះជាចរិត ជាទម្លាប់អារក្រក់របស់គេទៅហើយ។
មនុស្សដែលមិនរក្សាការទុកចិត្តក៏មិនល្អទាល់តែសោះ។ ពួកគេមិនដឹងគុណ និងទទួលយកជំនួយពីមិត្តភក្តិរបស់ពួកគេ។ លុយមិនអាចទិញមិត្តភាពល្អបានទេ ប៉ុន្តែលុយអាចបំផ្លាញមិត្តភាពល្អៗបានយ៉ាងងាយ។ ប្រសិនបើអ្នកជួបមនុស្សប្រភេទនេះអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ យកល្អ គួរតែចៀសឱ្យឆា្ងយពីពួកគេ។
២. តែងតែទម្លាក់កំហុសលើអ្នក គ្មានភាពទទួលខុសត្រូវ
មានមនុស្សដែលមានភាពងាយស្រួលមិនថានៅក្នុងជីវិត ឬនៅកន្លែងធ្វើការទេ។ នៅពេលមានជម្លោះកើតឡើង អ្នកដែលរងគ្រោះគឺជាអ្នក។ សេចក្តីសប្បុរសរបស់មនុស្សម្នាក់ គឺសំខាន់ណាស់ ប៉ុន្តែនៅពេលដែលងាយស្រួលពេក វានឹងត្រូវបានរំលោភដោយអ្នកដទៃ។
ហេតុដូច្នេះហើយ នៅពេលប្រឈមមុខនឹងអ្នកដែលចូលចិត្តរុញច្រានការទទួលខុសត្រូវលើអ្នកដទៃ ចូលចិត្តយកភ្លើងមកដុតអ្នកដទៃ អ្នកគប្បីតែចៀសឱ្យឆ្ងាយពីពួកគេ។ រក្សាចម្ងាយរបស់អ្នក ដូច្នេះអ្នកនឹងមិនត្រូវបានទាញយកប្រយោជន៍ឡើយ ទោះបីជាអ្នកត្រូវការក៏ដោយ ត្រូវនៅឱ្យឆ្ងាយពីពួកគេដែរ។
៣. កុហកបោកប្រាស់អ្នកម្ដងហើយម្ដងទៀត
នៅក្នុងជីវិតនេះ មនុស្សដែលបញ្ឆោតអ្នកគឺជាមនុស្សជិតស្និទ្ធបំផុត មិនមានមនុស្សចម្លែក ឬអ្នកឆ្ងាយមកពីណា អាចបោកប្រាស់អ្នកបានងាយៗនោះឡើយ។ ដោយសារតែការប្រុងប្រយ័ត្នរបស់យើងចំពោះមនុស្សចម្លែក យើងតែងតែមានភាពរឹងមាំ មានការប្រុងប្រយ័ត្ន តែយើងបែរជាភ្លេចការពារខ្លួនពីមនុស្សដែលជិតស្និទ្ធនឹងយើងបំផុតទៅវិញ។
មានមនុស្សជាច្រើនដែលជាមិត្តភក្តិ តែគ្រាន់តែបំភ័ន្តអ្នកម្តងហើយម្តងទៀត។ ការវិនិយោគដោយងងឹតងងុលគឺប្រាកដថានឹងត្រូវបំផ្លាញភ្លាមៗ។ ការសេពគប់មនុស្សមានចិត្តមិនត្រង់ គឺជារឿងគ្រោះថ្នាក់បំផុត ព្រោះគេនឹងបង្កគ្រោះថា្នក់ ឬបំផ្លាញអ្នកជាក់ជាមិនខាន៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)