តាមពិតទៅ ការរក្សាទំនាក់ទំនងមិត្តភាព វាមិនខុសប្លែកអីពីការរក្សាទំនាក់ទំនងស្នេហាឬប្ដីប្រពន្ធនោះឡើយ គឺទំនាក់ទំនងទាំងពីរនេះ គឺសុទ្ធតែទាមទារនូវប៉ុន្មានចំណុចនេះដូចគ្នា។ យ៉ាងណាមិញ ក្នុងភាពជាមិត្តភក្តិល្អ ចង់ស្រឡាញ់ រាប់អានគ្នាបានយូរ អ្នកត្រូវតែមានប៉ុន្មានចំណុចខាងក្រោមនេះ។
១. ស្មោះត្រង់
មនុស្សយើង បើកាលណាគ្មានភាពស្មោះត្រង់ចំពោះគ្នាហើយនោះ គេក៏មិនហៅថាមិត្តភាពដែរ។ ប្រាកដណាស់ ភាពស្មោះត្រង់ ជាឥរិយាបថនៃភាពថ្លៃថ្នូររបស់មនុស្សម្នាក់ ហើយវាក៏បញ្ជាក់ពីទំនុកចិត្តដែលយើងមានចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងដែរ។ ដូច្នេះ បើចង់ថែរក្សាចំណងមិត្តភាពឱ្យបានយូរអង្វែង អ្នកគប្បីមានភាពស្មោះត្រង់ចំពោះគ្នា កុំរាប់អានរបៀបឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ បើអ្នកមានចរិតបែបនេះ មួយជីវិតនេះ អ្នករកមិត្តល្អមិនបាននឹងគេទេ។បើទោះជាអ្នករកបាន ក៏បានរបៀបមិត្តដែលចាំតែឆ្លៀតឱកាស ចរិតដូចអ្នកហ្នឹងហើយ។
២. ចិត្តធ្ងន់ / ចិត្តទូលាយ
ចិត្តធ្ងន់ មិនមែនសម្រាប់តែជីវិតប្ដីប្រពន្ធប៉ុណ្ណោះទេ ប៉ុន្តែក្នុងទំនាក់ទំនងមិត្តភាព ក៏ត្រូវការចំណុចនេះដែរ។ ព្រោះជាធម្មតាមិត្តភាព គឺតែងតែមានការលេងសើចអ្វី ឬធ្វើអ្វីមួយ អាចនឹងកើតមានជាកំហុសអចេតនាកើតឡើង ដូច្នេះ ក៏ទាមទារឱ្យអ្នកមានចិត្តអំណត់ អត់ធន់ចំពោះគ្នា ជាពិសេសគឺ បើកចិត្តឱ្យទូលាយ ហើយអភ័យឱ្យគ្នាទៅវិញទៅមក ទើបចំណងមិត្តបានយូរអង្វែង។
៣. ដឹងសុខទុក្ខ / ធុរៈ
ក្នុងនាមជាមិត្តភក្តិល្អ ច្បាស់ណាស់ដែលអ្នកត្រូវតែចេះដឹងសុខទុក្ខ យកអាសារ ដឹងទុក្ខធុរៈ ចេះជួយគ្នាទៅវិញទៅមក កុំឱ្យមានការបដិសេធក្នុងពេលដែលមិត្តល្អត្រូវការជំនួយ អ្នកអាចជួយបានប៉ុនណា ក៏ជួយប៉ុណ្ណឹង មិនត្រូវគេចវេស ឬយករួចខ្លួន ក្នុងពេលដែលមិត្តភក្តិត្រូវការអ្នកនោះឡើយ។
៤. ជឿជាក់ ទុកចិត្ត
មនុស្សយើង មិនថាស្រឡាញ់គ្នា ឬរាប់អានគ្នា គឺត្រូវតែមានភាពជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែបើមិត្តភាពអ្នកមានតែការសង្ស័យមុខក្រោយ មិនទុកចិត្តគ្នាហើយនោះ ក៏គេមិនហៅថាមិត្តល្អដែរ គឺត្រឹមតែមនុស្សស្គាល់គ្នាតែប៉ុណ្ណោះ។
៥. គោរព ឱ្យតម្លៃគ្នាទៅវិញទៅមក
កុំអាងថាជាមិត្តស្និទ្ធស្នាល បែរជាធ្វើខ្លួនខ្វះការគោរព និងឱ្យតម្លៃគ្នាឱ្យសោះ សូមចាំថា មិត្តភាពក៏ត្រូវការការគោរព និងឱ្យតម្លៃចំពោះគ្នាដែរ។ ជាពិសេសគឺ ការនិយាយស្ដី លេងសើចឱ្យដឹងខុសត្រូវ លេងសើចឱ្យមើលអារម្មណ៍មិត្តរបស់យើង កុំបញ្ចេញពាក្យសម្ដី ឬកាយវិការបំពាន ឬមើលងាយមិត្តភក្តិខ្លួនឯងនៅចំពោះមុខអ្នកដទៃឱ្យសោះ។
៦. ចេះការពារគ្នា
ច្បាស់ណាស់ ជាមិត្តល្អនឹងគ្នា ត្រូវចេះបារម្ភ មើលថែ និងការពារគ្នា មិនថាស្ថិតក្នុងស្ថានភាពណាទេ កុំទុកគ្នាចោលឱ្យសោះ តែកុំការពារខុសរឿង កុំការពារទាំងងងឹតងងុល ព្រោះពេលខ្លះ រឿងខ្លះ ក៏មិនមែនមិត្តល្អរបស់យើងធ្វើត្រូវនោះដែរ ដូច្នេះត្រូវចេះណែនាំដល់គ្នាទៅវិញទៅមក កុំឃើញមិត្តភក្តិខុសហើយបែរជារុញថែមនោះទេ។
៧. ហាមខ្សែលើ
ការដើរខ្សែលើ ឬកេងផលចំណេញពីមិត្តភក្តិឯង អ្នកមិនអាចខ្សែលើគេបានយូរអង្វែងទេ ត្រូវចាំថា អ្នកអាចខ្សែលើគេបានតែម្ដងប៉ុណ្ណោះ ចុងក្រោយ អ្នកនឹងបាត់បង់មិត្តភាពទៅមិនខាន ដូច្នេះ កុំកេងចំណេញលើមិត្តភក្តិឯង វាមិនល្អមើលឡើយ កុំឱ្យមិត្តភាពល្អបាត់បង់ព្រោះតែចង់បានផលចំណេញតិចតួច។
៨. មាន ឬក្រក៏មិនមើលងាយគ្នា
មិនថាមាន ឬក្រ ឋានៈប៉ុនណាទេ សូមកុំមើលងាយគ្នាឱ្យសោះ ព្រោះមិត្តភក្តិល្អ យ៉ាងណាក៏គេមិនមើលងាយគ្នាដែរ ជាពិសេសគឺ មិននិយាយអួតផ្ដេសផ្ដាស នាំឱ្យមិត្តភក្តិមានអារម្មណ៍អាក់អន់ស្រពន់ចិត្ត និងខ្មាសអៀនយើង៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ