ប្រសិនបើអ្នកជាស្ត្រីឆ្លាត អ្នកត្រូវតែសុំរបស់ទាំងនេះពីប្តីរបស់អ្នក ជំនួសឱ្យការលះបង់របស់អ្នកតែម្ខាង ដោយភាពងប់ងល់ខ្វះការពិចារណា។
១. ឯករាជ្យភាព
បន្ទាប់ពីរៀបការរួច ស្ត្រីភាគច្រើនខ្លាចបំផុតគឺរៀបការជាមួយស្វាមីដែលគ្មានគំនិត មិនចេះគិតអ្វីទាំងអស់ តែងតែគោរពតាមការរៀបចំរបស់គ្រួសារ ឬតាមតែការបញ្ជារបស់ឪពុកម្តាយ។
ដូច្នេះស្ត្រីឆ្លាតដែលចង់បានអ្វីដែលនាងចង់បានក្នុងអាពាហ៍ពិពាហ៍ តម្រូវឱ្យស្វាមីមានឯករាជ្យភាព មានជំហររឹងមាំ និងជីវិតប្រកបដោយការទទួលខុសត្រូវ។ តាមវិធីនេះប្រពន្ធ និងកូនៗ ទើបអាចរស់នៅដោយពេញមុខពេញមាត់ គ្រួសាររឹងមាំពិតប្រាកដ។
២. ការកោតសរសើរ
នៅក្នុងទំនាក់ទំនង ការគោរពគឺជាអ្វីដែលអ្នកទាំងពីរត្រូវតែមានចំពោះគ្នាទៅវិញទៅមក វាគឺជាគន្លឹះក្នុងការបណ្ដុះទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរ។ ប្រសិនបើបុរសម្នាក់តែងតែមើលងាយស្ត្រីជាប្រពន្ធហើយនោះ វានឹងពិបាកបង្ហាញថា គ្រួសារមួយ គឺជាគ្រួសារដ៏មានតម្លៃណាស់។
ស្ត្រីដែល្ងង់ខ្លៅ តែងតែស្ម័គ្រចិត្តនៅក្បែរបុរសដែលមិនយល់ពីតម្លៃរបស់នាង គឺមានតែទឹកភ្នែកពេញមួយជីវិតតែប៉ុណ្ណោះ។
៣. ពេលវេលា
កុំជឿថាគាត់រវល់នឹងការងារ ទើបមិនមានពេលវេលាដើម្បីកំដរអ្នកឱ្យសោះ មនុស្សប្រុស ទោះរវល់ប៉ុនណា ក៏គេអាចឆ្លៀតពេលនៅក្បែរមនុស្សដែលគេស្រឡាញ់បានដែរ ពាក្យថារវល់ វាគ្រាន់តែជាលេសតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺ តើគាត់វង់នៅក្បែរអ្នកឬក៏អត់?
នៅពេលបុរសស្រឡាញ់ដោយស្មោះ ពួកគេនឹងព្យាយាមនៅជាមួយអ្នកឱ្យបានច្រើនបំផុត។ ហើយប្រភេទនៃបុរសដែលតែងតែព្យាយាមគេចវេះ យកលេសថារវល់ គឺមានន័យថា គាត់មិនសូវអើពើ យកចិត្តទុកដាក់ ឬទុកអ្នកសំខាន់នោះឡើយ។
៤. ជីវិតផ្ទាល់ខ្លួន និងរឿងឯកជន
មិនថាអ្នកស្រឡាញ់គ្នាខ្លាំងប៉ុនណាទេ រឿងដែលគួរឱ្យអាណិតបំផុតនោះគឺ ប្រពន្ធដែលត្រូវរស់នៅស្ថិតក្រោមការគ្រប់គ្រង ត្រួតត្រាពីប្ដី។ នេះបញ្ជាក់ថា អ្នកមិនមានសេរីភាពនោះឡើយ។ ត្រូវចាំថាការជឿទុកចិត្ត ការស្រឡាញ់នឹងធ្វើឱ្យអ្នកទាំងពីរកាន់តែមានចំណងរឹងមាំ។
ផ្ទុយទៅវិញ ស្ត្រីឆ្លាតក៏ត្រូវដឹងផងដែរក្នុងការស្នើសុំឱ្យស្វាមីគោរពជីវិតផ្ទាល់ខ្លួន និងរឿងឯកជនរបស់អ្នក។ កុំឱ្យគាត់ប៉ះពាល់ ឬមកត្រួតត្រាលើជីវិតផ្តាល់ខ្លួនរបស់អ្នក ដែលហួសដែនកំណត់ដោយចេតនាឱ្យសោះ វាមិនល្អនោះឡើយ។
៥. ភាពស្មោះត្រង់
បុរស និងស្ត្រីអាចរកឃើញហេតុផលរាប់មិនអស់ ដើម្បីស្រឡាញ់គ្នា ប៉ុន្តែមធ្យោបាយតែមួយគត់ដើម្បីនៅជាមួយគ្នាបានយូរអង្វែងគឺ ត្រូវមានភាពស្មោះត្រង់ដាច់ជាខាត។ ស្ត្រីម្នាក់នឹងមិនអាចរស់នៅជាមួយប្តីរបស់នាងបានទេ ប្រសិនបើមានការផិតក្បត់ បោកបញ្ឆោតប្រពន្ធកូន និងបំផ្លាញទំនុកចិត្តគ្នានោះ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)