បំណងរបស់មនុស្សគ្រប់រូបគឺ ប្រាថ្នាចង់រៀបការ រួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ ប៉ុន្តែមិនមែនគ្រប់គ្នា សុទ្ធតែអាចសមបំណងទាំងអស់នោះឡើយ។ អ្នកខ្លះ មិនត្រឹមតែមិនបានរៀបការ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ទេ តែត្រូវបង្ខំចិត្តទៅរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់ថែមទៀត ភាពឈឺចាប់ ជាន់លើភាពឈឺចាប់ ជារឿងដែលពិបាកនឹងប្រាប់គ្រប់គ្នាឱ្យយល់បានណាស់។
ជាការពិត វាគឺជារឿងដែលធ្វើឱ្យខូចចិត្ត និងឈឺចាប់ខ្លាំងបំផុត ប៉ុន្តែប្រសិនបើយើងស្ម័គ្រចិត្ត រៀបការជាមួយមនុស្សដែលយើងមិនបានស្រឡាញ់ហើយនោះ ក៏មិនគួរធ្វើរឿងដែលមិនគប្បីបន្តទៀតអី តើរឿងមិនគប្បីបែបណា? រឿងមិនគប្បីនោះគឺ រូបកាយយើងរៀបការនឹងគេ តែចិត្ត និងបេះដូងការស្រឡាញ់របស់យើងនៅតែនឹកនាដល់អ្នកចាស់ ចំណុចមួយនេះ គឺយើងខុសឆ្គងខ្លាំងណាស់។
បើសួរខ្ញុំថា គួរធ្វើបែបណា? ខ្ញុំមានតែចម្លើយមួយទេគឺ កាត់ចិត្តទៅ ហើយត្រូវរស់នៅជាមួយនឹងបច្ចុប្បន្នឱ្យបានល្អ កសាងគ្រួសារមួយដែលយើងបានសម្រេចចិត្តជ្រើសរើស ព្រោះនេះជាការកំណត់ខ្សែវាសនា ចំណារនៃជីវិតរបស់យើងហើយ។ ចំណែកអ្នកចាស់ ឬសង្សារចាស់ ទោះយើងនៅនឹក ឬនៅស្រលាញ់ក៏ដោយ ក៏មិនគួរណារំឭក ឬខ្វល់ខ្វាយពីគេ ឬចង់ទាមទារអ្វីទៀតដែរ។ ចូរគិតថា យើង និងគេមានសំណាងបានធ្វើត្រឹមជាគូស្នេហ៍ ឬគូសង្សារ តែគ្មានវាសនា បានរួមរស់ជាប្ដីប្រពន្ធនឹងគ្នានោះឡើយ។ បំភ្លេចគេទៅ ទុកឱ្យគេស្វែងរកជីវិតថ្មីរបស់គេ ចំណែកយើង យើងក៏ត្រូវមើលថែគ្រួសារថ្មីរបស់យើងដែរ ...។
ប្រសិនបើអ្នក នៅតែទាមទារចង់មានឱកាសណាមួយចាប់ផ្ដើមជាមួយអ្នកចាស់ អ្នកដឹងទេថា អ្នកខុសធ្ងន់បំផុត បើចិត្តគំនិតអ្នកនៅតែមិនស្ងប់ មិនព្រមរម្ងាប់អារម្មណ៍ នោះបញ្ហាមួយចំនួនវាអាចនឹងកើតឡើងទាំងយើងស្មានមិនដល់ បើទោះជាយើងមិនមានចេតនាធ្វើឱ្យមានកើតមានក៏ដោយ តែទង្វើ និងការគិតរបស់យើងនេះហើយ ដែលជម្រុញវាឱ្យកើតឡើង។
- បើអ្នកនៅតែនឹកនា នឹករឭកអ្នកចាស់ នេះមានន័យថា អ្នកក្បត់នូវអារម្មណ៍ និងការទុកចិត្តរបស់គូជីវិតថ្មីរបស់អ្នកហើយ អ្នកកំពុងតែធ្វើឱ្យគេក្លាយជាមនុស្សល្ងង់ ព្រោះតែអារម្មណ៍ក្បត់ដោយសម្ងាត់របស់អ្នក។
- បើអ្នកនៅតែនឹកនា នឹករឭកអ្នកចាស់ នោះមានន័យថា មួយជីវិតនេះ ជីវិតអ្នកនៅតែវិលវល់ក្នុងចំណងស្នេហាដែលមិនច្បាស់លាស់ អ្នកនៅតែធ្វើឱ្យខ្លួនឯងគ្មានក្ដីសុខ និងសុភមង្គលក្នុងគ្រួសារថ្មីរបស់អ្នក។
- បើអ្នកនៅតែនឹកនា នឹករឭកអ្នកចាស់ នោះមានន័យថា អ្នកអាចនឹងបំផ្លាញគ្រួសារខ្លួនឯង ហើយក៏អាចនឹងបំផ្លាញអនាគតអ្នកចាស់ (ប្រសិនបើគេដឹងថា អ្នកនៅតែស្រឡាញ់គេ គេអាចនឹងនៅតែរង់ចាំអ្នក) ហើយអ្នកក៏អាចនឹងបំផ្លាញគ្រួសាររបស់អ្នកចាស់ (ករណីដែលគេមានគ្រួសារថ្មីដែរ តែវត្តមានយើង អាចនឹងបំផ្លាញដល់គ្រួសារគេឱ្យបែកបាក់)។
ដឹងថា អារម្មណ៍ដែលធ្លាប់មាន ជាពិសេសការស្រឡាញ់ គឺមិនអាចលុបបានងាយៗឡើយ ហើយក៏រឹតតែមិនអាចបំភ្លេចបាន។ ប៉ុន្តែប្រសិនបើយើងព្រមទទួលស្គាល់ការពិត ចេះប្រើជីវិតរស់នៅជាមួយនឹងបច្ចុប្បន្ន ព្រមទទួលយកអ្វីដែលខ្លួនមាន ហើយរៀនរីករាយជាមួយគ្រប់យ៉ាងដែលនៅក្បែរខ្លួន ទោះយើងមិនអាចធ្វើបានទាំងស្រុង តែជឿថា ថ្ងៃណាមួយ យើងនឹងអាចក្លាយជាមនុស្សម្នាក់ដែល អាចមើលថែគ្រួសារយើងបានយ៉ាងល្អ ... កុំក្បត់ដៃគូរបស់ខ្លួន ដោយសារតែអារម្មណ៍ និងគំនិតអាត្មានិយមរបស់យើង ... ប្ដីប្រពន្ធត្រូវមានចិត្ត អាណិត ស្រឡាញ់ និងស្មោះត្រង់ចំពោះគ្នា ... បើគិតថា ពិបាកធ្វើណាស់ មិនអាចបំភ្លេចអ្នកចាស់បាន សូមត្រឡប់ខ្លួនឯង ឱ្យក្លាយជាដៃគូរបស់អ្នក ហើយគិតថា ប្រសិនបើដៃគូរបស់អ្នក ធ្វើដាក់អ្នក លួចប្រើអារម្មណ៍ក្បត់នឹងអ្នក តើអ្នកមានអារម្មណ៍ឈឺចាប់ និងខូចចិត្តកម្រិតណា គិតត្រឹមប៉ុណ្ណឹងបានហើយ!!!៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ