ហាក់មានភាពរំជើបរំជួលខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដោយសង្ស័យថា Poster ថ្មីនៃភាពយន្តគំនូរជីវចល មានចំណងជើងថា RAYA and THE LAST DRAGON «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ » ដែលក្រុមហ៊ុនយក្ស Walt Disney បានបញ្ចេញ អាចជាតួអង្គដែលមានប្រវត្តិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍យើង រួមមានប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ីជាដើម។
ហើយកាន់តែរំជួលចិត្ត ប្រជាជនកម្ពុជាយើងជាច្រើនហាក់ភ្ញាក់ផ្អើល និងរំភើបខ្លាំងថា ព្រះនាង RAYA នៅក្នុងភាពយន្តថ្មីនេះអាចជាព្រះនាងខ្មែរ ដោយសម្អាងលើរូបផូស្ទើរនេះមានរូបប្រាសាទបាក់បែកនៅខាងក្រោយដូចជាប្រាសាទបុរាណរបស់កម្ពុជាយើងដែរ ហើយហេតុផលនេះហើយ គ្រប់គ្នារំពឹងទុកថាកម្ពុជានឹងត្រូវបានក្លាយជាចំណែកធំមួយនៅក្នុងខ្សែភាពយន្តលំដាប់ពិភពលោកមួយនេះ។
តែយ៉ាងណាមិញ បើងាកមកខាងភាគីថៃវិញ ក៏ហាក់រំភើបខ្លាំង និងអះអាងថាភាគរយខ្ពស់ណាស់ដែល រឿង RAYA AND THE LAST DRAGON នេះគឺជាខ្សែភាពយន្តនិយាយពីប្រទេសថៃ ដោយសម្អាងរចនាបថរូបរាងនាគរបស់ថៃ សំលៀកបំពាក់ក៏ជាប្រពៃណីថៃ ជាពិសេសនាង Fawn Veerasunthorn ដែលជាជនជាតិថៃ គឺជាប្រធានផ្នែកនិពន្ធរឿងឱ្យ Walt Disney Animation Studios តែម្តង។
ទោះជាយ៉ាងណានេះ ក៏ទាំងអស់នេះ គ្រាន់តែជាការសន្និដ្ឋានរបស់ភាគីខ្មែរ និងថៃតែប៉ុណ្ណោះ ដោយការពិតទៅក្រុមហ៊ុន Walt Disney គឺបានចុះសិក្សា ស្រាវជ្រាវ និងទស្សនកិច្ចប្រទេសអាស៊ីមួយចំនួនជាច្រើនឆ្នាំមកហើយ រួមទាំងប្រាសាទអង្គរវត្តកម្ពុជា ប្រទេសថៃ ឥណ្ឌូនេស៊ី រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រវត្តិពង្សសាវតាជាមួយសត្វនាគ ដោយយើងអាចស្មានថា ព្រះនាង Raya ក្នុងភាពយន្តនេះអាចជាព្រះនាងក្នុងប្រទេសអាស៊ីណាមួយ ឬយ៉ាងហោចក៏មានការបូកផ្សំប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់បញ្ចូលគ្នាក៏ថាបាន នេះបើយោងតាម Poster របស់ Disney បានសរសេររៀបរាប់ខ្លីៗថា Disney's First Look at First Southeast Asiann Princess។ ដូច្នេះយើងមានតែរង់ចាំសាច់រឿងពិតថាយ៉ាងណានៅថ្ងៃចាក់បញ្ចាំងបណ្ណោះ។
គួរឱ្យដឹងផងដែរថា RAYA and THE LAST DRAGON ឬជាភាសាខ្មែរថា «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ » គឺជាភាពយន្តគំនូជីវចល នេះ និយាយពីព្រះនាង Raya ដែលជាអ្នកចម្បាំងស្រីវ័យក្មេងមានភាពក្លាហាន នៅក្នុងអាណាចក្រ Lumandra ដោយធ្វើដំណើរផ្សងព្រេង ក្នុងការទៅស្វែងរកពង្សសត្វនាគចុងក្រោយ។ ដោយខ្សែភាពយន្តបែប Fantasy ផ្សងព្រេងនេះដែរ គ្រោងនឹងបញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តែសោយសារតែវិបត្តិ Covid-19 ភាពយន្តនេះនឹកលើកទៅបញ្ចាំងនៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះវិញ៕
អត្ថបទ៖ ក្នុងស្រុក