បើកាលពីជំនាន់ ២០ឆ្នាំ ទោ ៣០ឆ្នាំប្លាយមុន ប្រហែលជាមានអ្នកស្គាល់ច្រើននូវសំភារៈប្រើប្រាស់ធ្វើពីក្រចៅ ដូចជាបាវ និងអង្រឹងជាដើម តែបើងាកមកសម័យនេះសំភារៈបែបបុរាណបែបនេះមើលទៅមិនសូវពេញនិយមនោះទេ ឬអាចនិយាយបានថាសូម្បីតែកូនខ្មែរសម័យបច្ចុប្បន្នគឺមិនស្គាល់់ក្រចៅតែម្តង។
ក្រចៅ ត្រូវបានគេហៅថា សរសៃពណ៌មាស គឺជាប្រភេទរុក្ខជាតិដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ក្នុងការផលិត ផលិតផលឧស្សាហកម្មផ្សេងៗ ដូចជា បាវក្រចៅ និង សំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ ដោយដំណាំនេះត្រូវបានដាំនៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ ១៩៦០ មកម្លេះ។
តែក្រោយមក ក្រចៅក៏លែងត្រូវបានគេពេញនិយម តែក៏មានប្រជាជននៅទីជនបទមួយចំនួននៅតែប្រកបរបរផលិតសំភារៈមួយនេះ ក្នុងការអភិរក្សផង និងជារបរចិញ្ចឹមជីវិតបន្តិចបន្តិចផងដែរ។ ដោយក្នុងនោះមានលោកយាយ ម៉ែចាស់នៅក្នុងស្រុកឯកភ្នំ មួយរូប ត្រូវបានគេស្គាល់ថា ទោះជាមានវ័យចំណាស់ តែមានស្នាដៃក្រងក្រចៅពូកែល្អដូចដើម ដោយច្រងត្បាញអង្រឹងពីក្រចៅម្តង១សរសៃរៗ ដោយភាពអំណត់។ ម៉ែចាស់ប្រាប់ថាខ្លាចបាត់ឈ្មោះអង្រឹងក្រចៅ បាត់ឈ្មោះក្រចៅ ក្មេងជំនាន់ក្រោយអត់ស្គាល់ ចឹងម៉ែចាស់នៅបន្តក្រង និងត្បាញអង្រឹងនេះ។
ដូច្នេះក្នុងនាមជាប្រជាជនខ្មែរ និងកូនខ្មែរជំនាន់ក្រោយ គួរតែស្គាល់ពីផលិតផលខ្មែរមួយនេះ ហើយដើម្បីលើកកម្ពស់ស្នាដៃខ្មែរយើងក៏អាចជួយគាំទ្រទិញ និងប្រើប្រាស់បានផងដែរ៕
ប្រភពម៉ែចាស់៖ ដៃតម្បាញ