ដីចម្ការ ដែលដាំសុទ្ធតែជា្កពណ៌លឿង លើផ្ទៃដីប្រមាណជាជាង ២០០០ ហិកតា ត្រូវបានគេដឹងថាធ្លាប់ជាទីពេញនិយមសម្រាប់អ្នកទេសចរណ៍មកលេងកម្សាន្ត និងថតរូបកម្សាន្តរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្កានេះរីកក្នុងអំឡុងខែ កក្កដា សីហា កញ្ញា តែប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះផ្កានេះបានរីកជាថ្មីម្តងទៀតជាបណ្តើរៗហើយ។
តែអ្នកប្រហែលជាមិនទាន់ដឹងទេថា ការពិតទៅផ្កាពណ៌លឿងនេះ មិនមែនជាផ្កាដៃលដាំលំអអត់ប្រយោជន៍នោះឡើយ ដែលការប្រមូលផលផ្កានេះមិនត្រឹមតែសម្រាប់ជាចំណីសត្វ តែពូជផ្កាពណ៌លឿងម្យ៉ាងនេះ ពេញនិយមនៅប្រទេសថៃ គេដាំវាសម្រាប់ប្រែក្លាយជាជីធម្មជាតិនៅលើដីខ្សោះជីជាតិ មុនពេលត្រូវដាំដំណាំផ្សេងៗជាពិសេសដំណាំអំពៅ។ ដោយដីខ្សត់នូវជីជាតិ មុននឹងភ្ជួរជ្រួយដីដើម្បីដាំអំពៅបានផលល្អ គឺយើងត្រូវដាំរុក្ខជាតិពណ៌លឿង ដែលថៃហៅថា «ផ្កាប៉រធឿង» សិន ជាជំនួយជីធម្មជាតិទៅដីនោះ »។
គួរឱ្យដឹងផងដែរថា ចម្ការផ្កាពណ៌លឿងមួយនេះ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចម្ងាយជាង ១០ គីឡូម៉ែត្រ ចូលតាមផ្លូវទៅតំបន់រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ជ្រាវ គឺចេញពីចំណុចបំបែកត្រង់ផ្សារអមលាំង ក្រោយពីចេញដំណើរពីផ្សារឧដុង្គចម្ងាយ ៥២ គីឡូម៉ែត្រ៕