ខ្មែរយើងមានមុខម្ហូបច្រើនមុខ ច្រើនបែបណាស់ ដែលម្ហូបខ្លះមានតែតាមភូមិ ស្រុក និងតំបន់តែប៉ុណ្ណោះ តែយ៉ាងណាក៏មានមុខម្ហូបមួយមុខពិតជាប្លែកខ្លាំងណាស់ ស្ទើរតែមិនសូវមានអ្នកស្គាល់ទេ នោះគឺគេហៅថា « សម្លពងទឹក »។
សម្លមួយមុខនេះ ត្រូវបានគេដឹងថាមានគ្រឿងផ្សំសំខាន់ គឺ ពងទឹក ហើយបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត បានឱ្យដឹងថា ពងទឹក គឺជាពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្តែងត្រាលើទឹក មានសម្បុរបៃតងខៀវ ដែលអាចយកស្លប្រហើរបរិភោគបាន។ បន្ថែមពីនេះ ពងទឹក មានសណ្ឋានដូចជា ចក តែវារាងមូលដូចពងត្រីពណ៌បៃតង ដោយភាសាបច្ចេកទេសគេហៅ ប្លុងតុង។
ពងទឹកនេះផងដែរ មានតែក្នុងខែវស្សាតែប៉ុណ្ណោះ ហើយអ្នកស្វាយរៀងទើបស្គាល់ច្បាស់ ដោយវាជាសារាយប្លុងតុងមានជីវជាតិណាស់ ដោយពពួកត្រី សុទ្ធតែស៊ីប្លុងតុងប្រភេទនេះជាអាហារ ពិសេសវាត្រូវបានគេដឹងថា ជាអាហារដែលជួយលាងសំអាតជាតិពុលក្នុងឈាម ដូចសារធាតុក្លរ៉ូភីលចឹងដែរ។
វិធីស្លសម្លពងទឹក៖
វិធីទី១៖ ដំបូងបុកគ្រឿង ដាក់ចូលក្នុងឆ្នាំង ជាមួយទឹក១កែវ រំងាស់ជាមួយគ្រឿងឱ្យពុះ រួចបង់ស្ករ ប៊ីចេង ទឹកត្រី... ភ្លក់ម៉ាឆ្ងាញ់ ដាក់កំពឹសចូល រួចដាក់ពងទឹកដែលលាងស្អាតចូលរំងាប់មួយពុះឱ្យឆ្អិនជាការស្រេច។
វិធីទី២៖ ពងទឹករើសកំទេចសម្រាមឱ្យស្អាត ពិបាកលាងបន្តិចបុកស្លឹកគ្រៃ ខ្ទឹម ខ្ជាយ រមៀត ត្រី លាយកំពិស ឬត្រីសុទ្ធក៏បាន ស្លត្រីអីក៏បាន រ៉ស់ ត្រីកែ ពោ ឆ្លាំង កញ្ចុះ ក្រាញ់ ដាក់ឆ្នាំង ចាក់ប្រេងឆាជាមួុយគ្រឿង ដាក់ប្រហុក រួចដាក់ត្រីចូល អំបិល ប៊ីចេងបន្តិច មិនញាំប៊ីចេងមិនបាច់ដាក់ទេ មិនបាច់ប្រើស្កទេ បើចង់ដាក់ ដាក់បន្តិចក៏បានបើចូលចិត្តស្ករ រួចចាក់ទឹកល្មម អត់ស្លរាវទេ ខាប់ល្មម បើស្ទើរប្រៃថែមទឹកត្រីបន្តិច ទឹកពុះដាក់កំពិស ដាក់ពងទឹកចូល ពុះលើកចុះកុំរម្ងាស់វា៕
ប្រភពរូបភាព និងដកស្រង់អត្ថបទពី៖ Source Vuthy