ជំរុំភៀសខ្លួន ពាក្យនេះប្រហែលជានាំឱ្យអ្នកដែលនៅទាន់សម័យសង្គ្រាមឆ្នាំ ១៩៧៩ នឹកឃើញស្រមៃពីអនុស្សាវរីយ៍អតីតកាលរបស់ខ្លួនដែលរត់ចោលស្រុកភូមិ មាតុភូមិជាមិនខាន។ ដោយសម័យនោះដែរ ជំរុំភៀសខ្លួន មានច្រើនកន្លែងដូចជា៖ ជំរុំសាយធូ (site 2) សាយប៊ី (site B) ខាវអីដាង (Khao I Dang) ណងចាន់ (Nong Chan) តាទុំ (Ta Tum) រិទ្ធិសែន (Rithysen) សុខសាន/សាយអ៊ី(Site E) សាយអេច (Site 8) សាយឃេ (Site K) និង០០៧ តែជំរុំដែលល្បីជាងគេ និងត្រូវគេស្គាល់ច្រើនជាងគេនោះគឺ ជំរុំ ខៅអ៊ីដាង។
ការពិតទៅ ខៅអ៊ីដាង ជាឈ្មោះភ្នំមួយ ដែលឋិតនៅក្នុងឃុំខូខ្លាន ស្រុកតាផៈយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ជើងភ្នំនេះ ធ្លាប់ផ្ដល់ជាទីជម្រកដល់ជនភៀសខ្លួនខ្មែររាប់សែននាក់ ឲ្យបានស្នាក់អាស្រ័យផុតពីទុក្ខភ័យ ក្នុងពេលដែលពលរដ្ឋខ្មែរទាំងនោះកំពុងរត់គេចពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៩ និងពេញមួយទសវត្សឆ្នាំ ១៩៨០។ អ្នកដែលធ្លាប់រស់នៅក្នុងជំរំនេះខ្លះ បានចាកចេញឆ្ងាយទៅរស់នៅឯប្រទេសទី៣ នៅអូស្ត្រាលី អាមេរិក និងអឺរ៉ុប ដោយមិនមានឱកាសបានមកមើលទីនេះម្ដងទៀត។ ឯអ្នកខ្លះទៀត ក៏មានឱកាសបានមកមើលកន្លែងនេះសាជាថ្មី ដើម្បីរំលឹកឡើងវិញនូវប្រវត្តិរឿងរ៉ាវចាស់ៗ ដែលគេមានរាប់មិនអស់ ក្នុងពេលដែលគេស្នាក់នៅទីនេះ។
ខៅអ៊ីដាង ដែលឋិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ខាងជើងស្រុកអរញ្ញ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត កម្ពុជា បច្ចុប្បន្ននេះ ក្លាយជាព្រៃស្ងាត់ជ្រងំមួយ មិនខុសពីបទចម្រៀងមួយឃ្លា ដែលលោក កែវ សារ៉ាត់ ធ្លាប់ច្រៀងពណ៌នាអំពីទិដ្ឋភាពទីនេះ កាលពីអំឡុងទសវត្សឆ្នាំ ១៩៨០ នោះឡើយ។
ទោះពេលនេះ ខៅអ៊ីដាង មានសភាពស្ងាត់ជ្រងំ មិនមានអ្វីជាទីចាប់អារម្មណ៍សណ្ដំចិត្តចំពោះមនុស្សទូទៅរាប់ពាន់លាននាក់ក្ដី ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ នៅតែចាប់អារម្មណ៍ និងចងចាំឈ្មោះខៅអ៊ីដាង ព្រោះពួកគេធ្លាប់ភៀសខ្លួនមករស់នៅទីនេះ កាលពីក្នុងទសវត្សឆ្នាំ ១៩៨០។ ជារឿយៗ មានពលរដ្ឋខ្មែរ ដែលជាអតីតជនភៀសខ្លួនខ្មែរនាំគ្នាទៅលេងនៅទីនោះហើយតែងព្យាយាមស្វែងរកទីតាំងចាស់នានា ដើម្បីចំណាំ ដូចជា ផ្ទះ មន្ទីរពេទ្យ អាគាររដ្ឋបាល និងវត្តអារាមជាដើម។
ទោះជាព្រៃដុះជិតទៅហើយក្ដី ក៏ទីនេះមិនត្រូវបានគេបោះបង់ចោលទាំងស្រុងដែរ។ យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១៦មក អាជ្ញាធរថៃ បានកសាងអាគារមួយសម្រាប់តម្កល់ទុកប័ណ្ណសារនានា ទាក់ទងនឹងជនភៀសខ្លួនខ្មែរ ដែលធ្លាប់មកស្នាក់អាស្រ័យនៅទីនេះ ពីចុងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣។ អាគារនេះមានឈ្មោះថា មជ្ឈមណ្ឌលសិក្សាអំពីប្រវត្តិខៅអ៊ីដាង ដែលជាការរំឭកអំពីការទទួលខុសត្រូវរបស់ប្រទេសថៃ រួមជាមួយសហគមន៍អន្តរជាតិ ជួយដោះស្រាយវិបត្តិជនភៀសខ្លួនខ្មែរពេលនោះ។
ហើយខាងក្រោមនេះ ជារូបភាពជ្រុងតូចមួយ កាលខ្មែរនិរាសព្រាត់ប្រាស់ បងប្អនសាច់ញាតិ រត់ចោលភូមិ ស្រុក រត់ចាកចោលមាតុភូមិ នាអំឡុងទសវត្សឆ្នាំ១៩៨០ ដល់ទសវត្សឆ្នាំ១៩៩០ ដោយសាតែសង្រ្គាម ហើយប្រទេសមួយដ៏តូចត្រូវបែងចែកគ្នាគ្រប់គ្រងជា៣ជា៤ចំណែក។