លោក កែវ សុវណ្ណារ៉ា ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈដែលមានសំនួនវោហាស័ព្ទផ្អែមរណ្តំ ជាមួយអាជីពជាពិធីករដែលមានភាពជោគជ័យខ្លាំង អស់រយៈពេលជាយូរឆ្នាំកន្លងមក។
បុរសរូបសង្ហាដែលគេបានស្គាល់ច្បាស់តាមរយៈពន្លកសិល្បៈដំបូងជាពិធីករ ក្រៅពីមានអាជីពសិល្បៈដែលទទួលបានការគាំទ្រខ្លាំង លោកក៏ជាមនុស្សដែលមានភាពជោគជ័យ ត្រូវប៉ាន់ខ្លាំងក្នុងអាជីពជា BA (Brand Ambassador) ទៅលើផលិតផល និងក្រុមហ៊ុនមួយចំនួនទៀតផង។
អ្វីដែលកាន់តែលេចធ្លោខ្លាំងបំផុត លោក កែវ សុវណ្ណារ៉ា ក្រៅពីមានអាជីពបច្ចុប្បន្ន ជា MC នៅក្នុងសា្ថនីយ៍អាស៊ីអាគ្នេយ៍ផលិតកម្មវិធីទាក់ទងនឹងវប្បធម៌នោះ លោកត្រូវបានគេស្គាល់ថាជា Brand Ambassador ដ៏កាក់កប នៅក្នុងក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ សណ្ឋាគារលំដាប់ ផ្សព្វផ្សាយផ្តាច់មុខលើផលិតផលនាំចូលពីក្រៅប្រទេសជាច្រើន ការសម្តែងនៅក្នុងខ្សែវីដេអូខ្លីៗ និង ស្ពតពាណិជ្ជកម្ម ពិសេសអ្វីដែលធ្វើឱ្យលោកល្បីខ្លាំងបំផុតនោះគឺការធ្វើជា Brand Ambassador ឱ្យរមណីយដ្ឋានដ៏ល្បីមួយគឺ «ភូមិផ្កាត្រកួន »។
ដោយរមណីយដ្ឋានភូមិផ្កាត្រកួន នេះ គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ កំពុងតែមានភាពល្បីល្បាញ និងពេញនិយមខ្លាំង មានកន្លែងកំសាន្តបែបធម្មជាតិ ដូចជា កន្លែងជិះទូក មើលថ្ងៃលិច កន្លែង សម្រាប់បោះតង់ ក៏ដូចជាសម្រាកនាថ្ងៃចុងសប្ដាហ៍ ដែល មានទីតាំងស្ថិតនៅក្នុង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ហើយបើតាមការរៀបរាប់របស់លោក កែវ សុវណ្ណារ៉ា នោះ លោកបានឱ្យដឹងថា ការងារជា Brand Ambassador ឱ្យរមណីយដ្ឋានដ៏ល្បី «ភូមិផ្កាត្រកួន »នេះ គឺជាការងារដែលលោកស្រលាញ់ពេញចិត្ត និងមានមោទកភាពខ្លាំងបំផុត ព្រោះតែនេះជាការរួមចំណែកមួយលើកស្ទួយកន្លែងទេសចរណ៍កែច្នៃក្នុងស្រុក ឱ្យប្រជាជនបានស្គាល់កាន់តែច្រើន ពិសេសក៏ជាការលើកស្ទួយជីវភាពប្រជាជនក្នុងភូមិនេះផងដែរ៕
អត្ថបទ៖ ក្នុងស្រុក