ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមលើកប្រធានបទមួយយកមកសរសេរ តើគួររក្សាមិត្តភាពជាមួយមនុស្សយើងលួចស្រឡាញ់ដែលឬទេ? ជាការពិតណាស់វាពិតជាលំបាកនៅពេលយើងលួចស្រឡាញ់នរណាម្នាក់ហើយដល់ដំណាក់កាលដែលយើងត្រូវសារភាព។ ហើយវាកាន់តែលំបាកនៅពេលដែលយើងបានសារភាពប្រាប់គេ ហើយគេបានបដិសេធយើងសុំយើងធ្វើត្រឹមជាមិត្ត។ តើយើងគួរធ្វើយ៉ាងណា? គួរចាកចេញពីគេ ឬបន្តធ្វើជាមិត្តជាមួយគេ? វាពិតជាបញ្ហាដល់ស្មុគស្មាញ ប៉ុន្តែរឿងទាំងនេះវាអាស្រ័យទៅលើការតាំងចិត្តរបស់អ្នក។
បើអ្នកគិតថាអ្នកពុំអាចទទួលគេធ្វើជាមិត្តធម្មតាបានទេ ដូចជាឃើញគេនៅជាមួយនរណាម្នាក់ អ្នកមានអារម្មណ៍ថាខឹង ប្រចណ្ឌ ដូច្នេះដើរចេញពីជីវិតគេកុំឲ្យជីវិតយើងមានអារម្មណ៍កាន់តែស្មុគស្មាញ ប៉ុន្តែប្រសិនបើជាយើងច្បាស់លាស់ក្នុងចិត្តថាយើងអាចធ្វើជាមិត្តនឹងគេបាន ដោយពុំមានចិត្តប្រចណ្ឌឬខឹង ហើយគេនោះជាមនុស្សល្អម្នាក់ដែលអាចជួយទុក្ខធុរៈយើងបាន ដូច្នេះយើងទទួលគេធ្វើជាមិត្តទៅ។
ប៉ុន្តែខ្ញុំសូមហាមដាច់ខាត! កុំលួចលាក់បង្កើតផែនការណ៍ ឬក៏មានគំនិតគិតថាអ្នកនឹងអាចប្រែក្លាយមិត្តភាពមួយនេះទៅជាសេចក្តីស្នេហានៅថ្ងៃណាមួយឲ្យសោះ។ នោះអ្នកនឹងមានសេចក្តីសោកសៅពីថ្ងៃទៅសប្តាហ៍ ពីសប្តាហ៍ទៅខែ ពីខែទៅឆ្នាំ... ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលេងទឹកមុខក្លែងក្លាយ និយាយក្លែងក្លាយ ហើយអ្វីដែលអាក្រក់បំផុតនោះ នៅពេលដែលយើងខំរៀបចំផែនការណ៍ជាច្រើននោះតែគេនៅតែមិនស្រឡាញ់អ្នក នៅពេលនោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលអន់បំផុតក្នុងឆាកជីវិតរបស់អ្នក។
ដូច្នេះសូមរក្សាមិត្តភាពនេះឲ្យបានខ្លាំងខ្លា ប្រសិនបើអ្នកនៅចង់ឲ្យគេនៅក្បែរនិងជាមិត្តរបស់អ្នក។ ប៉ុន្តែនៅក្នុងមិត្តភាពជាមួយគេនោះវាក៏មានករណីលើកលែងពិសេសមួយដែរ។ នៅពេលដែលគេបែរជាមកស្រឡាញ់យើងវិញដោយខ្លួនឯង ដោយមិនបាច់ចាំយើងខំរៀបចំមធ្យោបាយអីឲ្យគេមកស្រឡាញ់យើងទេ អ្នកប្រាកដជាភ្ញាក់ផ្អើលហើយអ្វីៗបែរជាប្រែមកជាការសម្រេចចិត្តរបស់អ្នកវិញ ថាគួរទទួល ឬក៏មិនទទួល ថាគួរស្រឡាញ់ ឬមិនគួរស្រឡាញ់ រឿងបែបនេះវាពិតជាអស្ចារ្យ។
ជាចុងក្រោយ យើងខ្ញុំ សូមរំលឹកដល់អ្នកទាំងអស់គ្នាថា កិត្តិយសកេរ្តិ៍ឈ្មោះ នឹងគុណតំលៃរបស់យើងពិតជាមានសារសំខាន់ណាស់ ដូច្នេះសូមរក្សាវាកុំឲ្យបាត់បង់៕
ក្នុងស្រុករក្សាសិទ្ធ